ភ្នំពេញ ៖ បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២០ ចំនួន១១១,០២៥នាក់ (ស្រី៥៤០២១នាក់)។ ចំនួននេះ មានការធ្លាក់ចុះ បើធៀបនឹងបេក្ខជនប្រឡងបាក់ឌុបឆ្នាំមុន ចំនួន១១៥, ២០៦នាក់ (ស្រី៥៩ ៧៣២នាក់)។ នេះបើតាមតួលេខបឋម ដែលផ្ដល់ដោយលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
លោក រស់ សុវាចា បានបញ្ជាក់ថា ក្នុងចំណោមបេក្ខជនប្រឡងទាំងអស់នេះ គឺមានបេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ ចំនួន ៣២,០១៨នាក់ ក្នុងនោះស្រីចំនួន២៣,៧៨១នាក់។ បើតាមលោក វាចា ក្រសួងបានត្រៀមមណ្ឌលប្រឡងឆ្នាំនេះ ចំនួន២៤១មណ្ឌល ដោយស្មើ ៤,៨៨៥ បន្ទប់។ ក្នុងនោះ មណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន៨៦មណ្ឌល ស្មើ ១, ៦៦៩បន្ទប់។
បើតាមលោក រស់ សុវាចា ចំនួនបេក្ខជន និងមណ្ឌលប្រឡងបាក់ឌុបឆ្នាំនេះ មិនទាន់ជាតួលេខផ្លូវការនៅឡើយទេ ពោលគឺអាចមានការប្រែប្រួលបន្ថែមទៀត។
ដើម្បីឲ្យដំណើរប្រឡងបាក់ឌុបប្រព្រឹត្តទៅដោយរលូន គឺក្រសួងអប់រំនឹងអនុវត្តតាមគោលការណ៍ចំនួន៤ គឺរក្សាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបានជូនទៅបេក្ខជន មាតាបិតា អាណាព្យាបាល គណៈមេប្រយោគ គណៈកម្មាការ និងសាធារណជន។ ទាក់ទងនឹងការរៀបចំវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងនឹងបន្តរៀបចំដូចនឹងឆ្នាំមុនៗផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក រស់ សុវាចា។
អ្នកនាំពាក្យរូបនេះ បានបន្ថែមដូច្នេះថា «គោលបំណងនៃការរក្សាគុណភាពនៃការប្រឡង ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា»។
ក្រសួងអប់រំ បានបង្គាប់ឲ្យអភិបាលរាជធានីខេត្តក្រុង ខណ្ឌ ភូមិ ស្រុក ទូទាំងប្រទេស រួមគ្នាសហការជាមួយនឹងមន្ទីរអប់រំតាមតំបន់របស់ខ្លួន រៀបចំរក្សាសុវត្ថិភាពទាំងមុនដំណើរការប្រឡង រហូតដល់ក្នុងការប្រកាសលទ្ធផលប្រឡង។
ពេលជិតកៀកថ្ងៃប្រឡងបាក់ឌុប ក្រសួងអប់រំបានណែនាំឲ្យអភិបាលរាជធានីខេត្តក្រុង ខណ្ឌ ភូមិ ស្រុក ចាត់ចែងឲ្យមានអ្នកចុះសម្របសម្រួលជាមួយនឹងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ កុំដំឡើងថ្លៃដល់បេក្ខជនប្រឡង និងគណៈមេប្រយោគ។ នាថ្ងៃប្រឡងមកដល់ ក្រសួងអប់រំណែនាំឲ្យគ្រប់មណ្ឌលប្រឡងនីមួយៗសម្រួលដល់ការផ្ញើកង់ ម៉ូតូរបស់បេក្ខជនប្រឡង និងគណៈមេប្រយោគ។
ក្នុងដំណើរការប្រឡង ក្រសួងអប់រំបានចាត់ចែងឲ្យមានមន្ត្រីសុខាភិបាល និងស.ស.យ.ក គ្រប់រាជធានីខេត្ត គណៈកម្មការអប្បមាទ គណៈមេប្រយោគ ប្រចាំការសម្រាប់ជួយសម្រួលដល់សិស្សដែលមានបញ្ហាសុខភាព និងត្រួតពិនិត្យរាល់ដំណើរការប្រឡង។
ការប្រឡងបាក់ឌុបឆ្នាំ នឹងចាប់នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០។ បើតាមក្រសួងអប់រំ លទ្ធផលប្រឡងបាក់ឌុបនឹងប្រកាសនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ សម្រាប់ខេត្តដទៃនឹងប្រកាសនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១៕EB