កម្ពុជា ចាប់ផ្ដើមដំណើរការប្រឡងបាក់ឌុប បន្ទាប់ពីខកខានមួយឆ្នាំ ដោយសាររីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា ចាប់ផ្ដើមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានសុខាភិបាល ៣កាពារ ៣កុំ បន្ទាប់ពីខកខានប្រឡងមួយឆ្នាំ ដោយសាររីករាលដាលនៃជំងឺកូវីដ-១៩។
ប្រឡងបាក់ឌុប ឆ្នាំ២០២១នេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ធ្នូ មានមណ្ឌលប្រឡង ចំនួន២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡង ចំនួន១១៤១៨៣ ក្នុងនោះ ស្រី ចំនួន៦០៣៩៧នាក់ ដោយឡែក គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡង ចំនួន៣១៤៣២នាក់។
នាព្រឹកថ្ងៃនេះដែរ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញកាត់វិញ្ញាសាប្រឡងបាក់ឌុប នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការចូលរួមពី អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សូមជម្រាបថា ក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី ចំនួន២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី២៦ ធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សិស្សានុសិស្សដែលឆ្លងជំងឺកូវីដ-១៩ នៅតែអនុញ្ញាតឲ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប៉ុន្ដែប្រឡងដាច់ដោយឡែក ពីបេក្ខជនដទៃទៀត។
ដោយឡែកសារជូនពររបស់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៦ ធ្នូ បានអំពាវនាវដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ញតិ្តដែលក្រសួងអប់រំបានដាក់ចេញ។ ជាពិសេសបេក្ខជន ត្រូវទទួលទានអាហារ និងសម្រាកឲ្យបានគ្រប់គ្រាន់ ហើយគោរពទៅតាមបទបញ្ញត្តិ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ៣កុំ ៣ការពារ។
ទន្ទឹមនេះដែរ លោករដ្ឋមន្ដ្រី ក៏បានជូនពរ លោកគ្រូ-លោកគ្រូអ្នក ទាំងអស់ ដែលចូលរួមប្រឡងប្រឡងបាក់ឌុប សូមឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យ ហើយគោរពតាមបទបញ្ញត្តិ របស់ក្រសួងអប់រំ ដែលបានដាក់ចេញពិសេស គោពតាម ៣កុំ ៣ការពារ ហើយចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា សិស្សានុសិស្សទាំងអស់ដែលត្រូវប្រឡង នាពេលនេះ តម្រូវឲ្យពាក់ម៉ាស់ វាស់កម្តៅ ទទួលស្ទីកឃ័រសុខភាពកម្តៅធម្មតា ដែលនេះជាការអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕