ភ្នំពេញ ៖ ក្រសួងកសិកម្ម បន្តអនុញ្ញាតឲ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រី ចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អៅ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ។

យោងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា កន្លងទៅនេះ ក្រសួងកសិកម្ម បានចេញសេចក្តី ប្រកាសព័ត៌មាន ដែលជាការជូនដំណឹងអំពីការព្រមព្រៀងគ្នាដោយស្ម័គ្រចិត្តរវាងសមាគមវារីវប្បករនៅកម្ពុជា និង អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន ៤ប្រភេទ រួម មាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អៅ ពីក្រៅប្រទេស។ 

ដើម្បីបញ្ជាក់បន្ថែមនូវខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាន នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនដូចខាងក្រោម៖

ទី១-ក្រសួងនៅតែបន្តការអនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្អៅ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

ទី២-ក្រសួងនឹងបន្តពិគ្រោះយោបល់ជាមួយសមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។

និងទី៣-តាមរយៈយន្តការគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការ ជាមួយក្រសួងពាក់ព័ន្ធនឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី ព្រមទាំងធានាដល់ការការពារសុខភាព មនុស្ស សត្វ បរិស្ថាន និងជំរុញកំណើនពាណិជ្ជកម្ម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ