កម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយ និងអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយ ដើម្បីអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា ផងដែរ។
តាមរយៈហ្វេសប៊ុក ក្រសួងបរិស្ថាន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្រសួងអបអរសាទរ ទិវាសត្វស្លាបទេសន្តរប្រវេ សន៍ពិភពលោក ឆ្នាំ២០២១ ក្រោមប្រធានបទ «ច្រៀងហោះហើរ និងសំកាំង-ដូចសត្វស្លាប!»។
ក្រសួង គួរបញ្ជាក់ថា សត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលធ្វើការផ្លាស់ទីជារៀងរាល់ឆ្នាំ ទៅតាមផ្លូវ ហោះហើររបស់ពួកវា ពីរដងក្នុងមួយឆ្នាំ ពីតំបន់ពងកូន ទៅតំបន់សំចត ឬតំបន់ស្វែងរកចំណី ដែលឆ្លងកាត់ប្រទេសជា ច្រើននៅជុំវិញពិភពលោក។ ដូចនេះ ការងារអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ គឺទាមទារឱ្យមានការចូលរួម និងសហការ ពីបណ្តាប្រទេសនានា ដែលស្ថិតនៅផ្លូវហោះហើររបស់ពួកវា។
ក្រសួង បន្ដថា បច្ចុប្បន្ននៅលើពិភពលោក មានផ្លូវហោះហើរសត្វសា្លប ចំនួន៩ ហើយប្រទេសកម្ពុជាមានទីតាំងស្ថិតនៅ ក្នុងផ្លូវហោះហើរសត្វស្លាប អាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃ គូរផ្លូវហោះហើរសត្វស្លាប អាស៊ីខាងកើត-អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០០៧ ដោយមានក្រសួងបរិស្ថាន ជាសេនាធិការ។
ក្រសួងបរិស្ថាន បញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាប្រទេសសមាជិក កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសិក្សា ស្រាវជ្រាវ អប់រំផ្សព្វផ្សាយ និងអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា ជាក់ស្តែងក្នុងឆ្នាំ២០១៩ តំបន់ ការពារទេសភាពអន្លង់ព្រីង ត្រូវបានទទួលស្គាល់ជាតំបន់ នៃបណ្តាញផ្លូវហោះហើរសត្វស្លាប អាស៊ីខាងកើត-អូស្ត្រាលី ដោយលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូរផ្លូវហោះហើរសត្វស្លាប អាស៊ីខាងកើត-អូស្រ្តាលី»។
សូមរំលឹកថា ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅជុំវិញពិភពលោក ហើយ កម្ពុជា បានជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្រារព្ធទិវានេះ ក្នុងគោលបំណងអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា៕EB