កំពង់ត្របែក ៖ យោងតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅឃុំកន្សោមអក បានឈ្នះលេខ១ ក្នុងចំណោមឃុំទូទាំងស្រុកកំពង់ត្របែក ខណៈស្រុកកំពង់ត្របែកមានចំនួន ១៣ឃុំ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅឃុំកន្សោមអក ចេញទៅបោះឆ្នោតសរុបចំនួន ៧,៣៧៧នាក់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៥,៥៦០សំឡេង ដោយមានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ៦គណបក្ស។

ជាមួយគ្នានេះដែរ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំកន្សោមអក បានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោត ដោយគ្មានការបង្ខិតបង្ខំនោះទេ។ ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោត មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ។

សូមជម្រាបជូនថា នៅឃុំកន្សោមអក ស្រុកកំពង់ត្របែក មានឯកឧត្តម ហោ សំអាត ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំកន្សោមអក ព្រមទាំង សមាជិកា-សមាជិកា ជាច្រើនរូបទៀត បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋតាមមូលដ្ឋានជាប់ប្រចាំដូចជាភ្លៀងរលឹម ហើយក៏នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពី សំណាក់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ