លោក ស សុខា លើកទឹកចិត្តយុវជនឱ្យលះបង់នូវពាក្យ ចំនួន ៥ ដែលមិនគួរនិយាយ ឬទុកនៅក្នុងចិត្តដើម្បីឈានទៅសម្រេចក្តីស្រមៃ និងក្តីប៉ងប្រាថ្នានៅពេលអនាគត
លោកស សុខាបានធ្វើការលើកទឹកចិត្តដល់ សិស្ស និស្សិតឱ្យប្រកាន់ជំហរ និងមានជំនឿជាក់លើខ្លួនឯង ត្រូវតស៊ូព្យាយាម អត់ធ្មត់ក្នុងការសិក្សាដើម្បីឈានទៅសម្រេចក្តីស្រមៃ និងក្តីប៉ងប្រាថ្នានៅពេលអនាគត ព្រមទាំងលះបង់នូវពាក្យ ចំនួន ៥ ដែលមិនគួរនិយាយ ឬទុកនៅក្នុងចិត្ត។ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលចូលរួមជាគណៈអធិបតីពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ របស់សាកលវិទ្យាល័យជាតិមានជ័យ ។
ពាក្យ ចំនួន ៥ ដែលមិនគួរនិយាយ ឬទុកនៅក្នុងចិត្តនេះរួមមាន៖
១-ពាក្យ “ពិបាក” ក្រោយពេលដែលនិយាយពាក្យពិបាក នោះវានឹងរារាំងដល់សមត្ថភាពរបស់យើង មួយរំពេច។ ប្រសិនបើយើងប្រកាន់យកពាក្យនេះទុកក្នុងចិត្តនោះ យើងមិនអាចជម្នះនូវឧបសគ្គទាំងឡាយក្នុងជីវិតនោះទេ ។
២-ពាក្យ “ធ្វើមិនបាន” ព្រោះពាក្យនោះវានឹងក្លាយទៅជាភាពទន់ជ្រាយដែលឱ្យយើងត្រូវបោះបង់នូវអ្វីដែលកំពុងធ្វើ ឬក៏បិទបាំងនូវចំណេះដឹងថ្មីៗ ដែលយើងមិនធ្លាប់ជួប។ យើងត្រូវគិតថា គ្មានអ្វីមួយដែលធ្វើមិនបាននោះទេ គ្រាន់តែពេលខ្លះ វាត្រូវការពេលវេលាតែប៉ុណ្ណោះ។ ការព្យាយាមនឹងបានសម្រេច។
៣-ពាក្យ “អស់សង្ឃឹម” ព្រោះពាក្យនេះនិយាយចេញមកពេលណា កម្លាំងទាំងអស់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត នឹងត្រូវបាក់ស្រុតចុះ។ ត្រូវចេះលើកទឹកចិត្តខ្លួនឯង និងមានក្តីសង្ឃឹមជានិច្ច។
៤-ពាក្យ “ខ្ជិល” ពាក្យនេះមិនគួរនិយាយសូម្បីតែនិយាយលេងក៏ដោយ ព្រោះវានឹងបង្កើតការដែលមិនមានទំនួលខុសត្រូវ។ ប្រសិនបើយើងប្រកាន់យកពាក្យនេះទុកក្នុងចិត្ត វាស្មើនឹងការទទួលយកនូវការបរាជ័យក្នុងជីវិតបាត់ទៅហើយ។
៥-ពាក្យ “ហត់” នៅពេលដែលយើងនិយាយពាក្យទាំងនេះចេញមក រាងកាយទាំងមូល នឹងតបស្នងមកវិញនូវភាពហេវហត់ ទន់ខ្សោយមួយរំពេច។ ធ្វើអ្វីក៏ដោយ យើងត្រូវតែចេះប្រមាណកម្លាំង ឬស្ទាបស្ទង់កម្លាំង ពេលខ្លះបើហត់ត្រូវសម្រាកបន្តិចឱ្យមានកម្លាំង រួចធ្វើដំណើតទៅមុខបន្តទៀត នោះទើបយើងអាចសម្រេចលទ្ធផល៕SP