ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មី ត្រូវបានធ្វើឡើងចំពេលវេលា ដែលកម្ពុជាត្រូវការស្ដារឡើងវិញនូវ សង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅ ដ៏ទាក់ទាញមួយសម្រាប់វិនិយោគិន ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៤ វិច្ឆិកា បានឲ្យដឹងថា កាលពីថ្ងៃទី៣ វិច្ឆិកា ក្រសួងការបរទេសខ្មែរ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយពីច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីការទូតកម្ពុជា នៅតាមស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយមានការចូលរួមធ្វើ បទអន្តរាគមន៍ដោយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់រយៈពេល ៦ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ និងតាក់តែងរហូតធ្វើឱ្យច្បាប់ ស្តីពីវិនិយោគថ្មីនេះលេចចេញ ជារូបរាងឡើង។

លោកឧបនាយករដ្ឋមន្រ្ដី ក៏បានរំលេចពីបច្ច័យអវិជ្ជមាន ដែលកើតចេញពីវិបត្តិនៃជំងឺកូវីដ-១៩ និងសង្រ្គាមពាណិជ្ជកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ចសកល និងរំហូរវិនិយោគផ្ទាល់ពីបរទេស ទូទាំងពិភពលោកមានការ ធ្លាក់ចុះគួរឱ្យកត់សម្គាល់ ឯការប្រកួតប្រជែងរបស់ មហាអំណាចដែលធ្វើឱ្យប្រែប្រួល សណ្តាប់ធ្នាប់អន្តរជាតិ ក៏បានដាក់សម្ពាធដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបានប៉ះពាល់ដល់មជ្ឈភាព និងសាមគ្គីភាពអាស៊ាន និងទំនាក់ទំនងរបស់អង្គការតំបន់នេះ ជាមួយដៃគូខាងក្រៅ។

លោកឧបនាយករដ្ឋមន្រ្ដី ជឿជាក់យ៉ាងមុតមាំថា «ការដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មីនេះ ត្រូវបានធ្វើឡើងចំពេលវេលា ដែលកម្ពុជាត្រូវការស្ដារឡើងវិញនូវ សង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅ ដ៏ទាក់ទាញមួយសម្រាប់វិនិយោគិន ។ ការដាក់ឲ្យប្រើនូវច្បាប់ថ្មីនេះ ក៏ស្របពេលដែលរាជរដ្ឋាភិបាល សម្រេចឱ្យបើកដំណើរការ សកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញជាបណ្ដើរៗ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ និងវិនិយោគិនបរទេស ពិសេសទេសចរណ៍ចាក់វ៉ាក់សាំង និងការកំណត់គោលនយោបាយ តំបន់ទេសចរណ៍សុវត្ថិភាព» ។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ច្បាប់វិនិយោគថ្មីនេះនឹងដើរតួនាទី យ៉ាងសំខាន់ដល់ការ អនុវត្តយុទ្ធសាស្ត្រការទូត សេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមរយៈស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេសទាំងអស់ ដែលជាសេនាធិការរបស់ ក្រសួងការបរទេស ក្នុងការកៀរគរដៃគូវិនិយោគថ្មី ប្រកបដោយសក្តានុពលខ្ពស់ ចូលមកប្រទេសកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ