ក្រសួងការងារ ៖ ការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអាម៉េរិក មិនមានការធ្លាក់ចុះនោះទេ បើទោះជាជំងឺកូវីដ១៩ កំពុងបន្តការគំរាមកំហែងក៏ដោយ
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈបានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកបន្តទៀត ដែលបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារជូនបងប្អូនកម្មករ និយោជិត។ បើទោះជាជំងឺកូវីដ ១៩ កំពុងបន្តការគំរាមកំហែងក៏ដោយ ក៏ការនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារអាម៉េរិកមិនមានការធ្លាក់ចុះទេ មានតែកើនឡើងបើប្រៀបជាមួយ ទីផ្សារប្រទេសផ្សេងទៀត។
ការអះអាងបែបនេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ ដើម្បី ពិភាក្សាការងារលើវឌ្ឍនភាពនៃកិច្ច សហប្រតិបត្តិការកន្លងមក ជាពិសេសកិច្ចសហប្រតិបត្តិការលើការអនុវត្តគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្ម ទៅនិងបទដ្ឋានការងារអន្តរជាតិ ដែលកម្ពុជាធ្លាប់បានអនុវត្តន៍ប្រកបដោយជោគជ័យជាមួយសហរដ្ឋអាមេរិក តាំងពី ឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន។
លោក អ៊ិត សំហេង បានថ្លែងអំណរគុណចំពោះភាគីសហរដ្ឋអាមេរិក ដែលទទួលស្គាល់នូវវឌ្ឍនភាពនៃការអនុវត្ត សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ ការធានាបាននូវលក្ខខណ្ឌការងារ ស្របតាមបទដ្ឋានការងារអន្តរជាតិ ដែលជាកត្តា ស្នូលសម្រាប់ភាគីសហរដ្ឋអាមេរិកបន្តផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជារហូតមកទល់បច្ចុប្បន្ន។
លោក W. Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអនុវត្តន៍បានយ៉ាងល្អក្នុងការចូលរួមធានានូវនិរន្តរភាពនៃដំណើរការអាជីវកម្ម ផលិតកម្ម និងពាណិជ្ជកម្ម តាមរយៈការដាក់ចេញនូវវិធានការ សេចក្តីណែនាំ និងតាមដានត្រួតពិនិត្យមើលការអនុវត្តរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាននៅកម្ពុជា។
លោក អ៊ិត សំហេង បានចាត់ទុកភាគីសហរដ្ឋអាមេរិក ដែលបានបន្តនូវការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការល្អ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំបន្តអនុវត្តន៍បានយ៉ាងល្អនូវការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការផ្តល់កិច្ចគាំពារដល់ពលករទេសន្តរប្រវេសន៍ ការលុបបំបាត់នូវទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ការបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ សិទ្ធិការងារ សំវាទសង្គម និងការផ្តល់នូវកិច្ចគាំពារសង្គម៕EB