ភ្នំពេញ ៖ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ កំពុងបន្តរាតត្បាតនៅក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភ» គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រគេនដំណឹងដល់ព្រះមេគណទាំង២៥ រាជធានី-ខេត្ត ព្រមទាំងព្រះសង្ឃទូទាំងប្រទេស សូមនិមន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន ឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ការប្រគេនដំណឹងរបស់គណៈសង្ឃនាយក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងទីវត្តអារាមទូទាំងប្រទេស គឺធ្វើឡើងបន្ទាប់ពីមានព្រះសង្ឃមួយអង្គ ព្រះនាម ប៊ូ ផាត គង់នៅវត្តស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានគ្រូពេទ្យធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ និងកំពុងគង់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។

យោងតាមរយៈលិខិត គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ចូលរួមអនុវត្តវិធានការរាជរដ្ឋាភិបាល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ