ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើផ្ទាល់មាត់ និងចំពោះមុខ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ឲ្យអាជ្ញាធរក្រុងហាណូយចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ហើយបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា នៅពេលទណ្ឌិតរូបនេះចូលទៅក្នុងប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានស្នើបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានទម្លាយឲ្យដឹងព័ត៌មានថា ទណ្ឌិត សម រង្ស៊ី កំពុងរៀបចំផែនការចូលទៅក្នុងប្រទេសថៃ និងប្រទេសវៀតណាមនាពេលខាងមុខនេះ បន្ទាប់ពីត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីបណ្តេញចេញពីប្រទេសកាលពីពេលថ្មីៗនេះ។ បើតាមសម្តេចតេជោ គឺទណ្ឌិត សម រង្ស៊ី និងពួកបក្ខ មានបំណងចង់ធ្វើសកម្មភាពឲ្យសម្តេចខឹង ដោយគ្រោងនឹងចូលក្នុងប្រទេសវៀតណាម ដោយប្រើប្រាស់លិខិតឆ្លងដែនបារាំង និងក្នុងទិដ្ឋាកាជាភ្ញៀវទេសចរ។

ប្រឈមមុខនឹងបញ្ហានេះ សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យអាជ្ញាធរវៀតណាមចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ភ្លាម ហើយបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជា ជាបន្ទាន់។ រដ្ឋាភិបាលវៀតណាម អាចធ្វើបែបនេះបាន ដោយសារតែវៀតណាម និងកម្ពុជា មានបត្យាប័នជាមួយគ្នាលើការចាប់បញ្ជូនខ្លួនអ្នកប្រព្រឹត្តបទល្មើសឲ្យគ្នាទៅវិញទៅមក។ តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ហើយថា បើសិនវៀតណាម មិនព្រមចាប់ខ្លួនទណ្ឌិតរូបនេះទេ គឺនឹងមានបញ្ហាជាមួយកម្ពុជាហើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ