ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វចកវ៉កកម្ពុជា ជាប្រភេទសត្វស្លាប ដែលមានវត្តមានតែនៅតំបន់ជួរភ្នំក្រវាញ នៃប្រទេសកម្ពុជា ប៉ុណ្ណោះ (Endemic)។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វស្លាបប្រភេទនេះ ត្រូវបានរកឃើញដំបូងនៅឆ្នាំ១៩២៩ (Riley, 1930) ហើយបញ្ជាក់ពីវត្តមានវានៅកម្ពុជាឡើងវិញនៅក្នុងឆ្នាំ២០០០ (Steinheimer et al., 2000)។
ក្រសួង បានបន្ដថា ទោះជាយ៉ាងនេះក្តី នៅប្រទេសកម្ពុជាសំណាកស្បែកស្ងួតសម្រាប់គោលបំណងវិទ្យាសាស្ត្រដំបូងត្រូវបានប្រមូលពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅឆ្នាំ២០១០ (Chhin, 2010) និងកំពុងទុកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្រសួង បានបន្ថែមថា ជាទូទៅ សត្វស្លាបប្រភេទនេះមានវត្តមាននៅតំបន់ភ្នំរយៈកម្ពស់ខ្ពស់ (ចាប់ពី៧០០ម៉ែត្រឡើងទៅ) នៃតំបន់ជួរភ្នំក្រវាញ មានដូចជា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃភ្នំសំកុស និងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល៕EB