ភ្នំពេញ ៖ បន្ទាប់ពីមាន ប្រជាពលរដ្ឋមួយចំនួន ឲ្យលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ចូលនិវត្តន៍ ក្រោយពីរកឃើញឆ្លងជំងឺកូវីដ-១៩ នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបកស្រាយវិញថា លោក ឆែម សាវុធ និងក្រុមគ្រួសាររបស់លោក គឺជាជនរងគ្រោះ ត្រូវនាំគ្នាប្រឆាំងជំងឺកូវីដ-១៩ មិនមែននាំគ្នាប្រឆាំង ក្រុមគ្រួសារលោក ឆែម សាវុធ ឡើយ ដូច្នេះការដាក់ឲ្យលោកចូលនិវត្តន៍ គឺជាទង្វើអគុណធម៌។

ក្នុងឱកាសថ្លែងសារពិសេស ជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោក ឆែម សាវុធ នៅព្រឹកថ្ងៃទី១៥ ធ្នូ នេះ បានជាសះស្បើយពីជំងឺកូវីដ-១៩ និងបានអនុញ្ញាតឲ្យលោក ចេញពីមន្ទីរពេទ្យផងដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ដែលមានការលើកឡើងថា លោក ឆែម សាវុធ គួរត្រូវតែចូលនិវត្តន៍ដោយសារគាត់បានធ្វើឲ្យមានការភ័យខ្លាចទូទាំងប្រទេស។ខ្ញុំក៏បានតបសារជូនទីប្រឹក្សារបស់ខ្ញុំដែលផ្ដល់ព័ត៌មាននេះ បញ្ជាក់ប្រាប់ថា លោក ឆែម សាវុធ និងភរិយារបស់គាត់ គឺជាជនរងគ្រោះ គួរនាំគ្នាប្រឆាំងជំងឺកូវីដ-១៩ ឯណោះ មិនគួរនាំគ្នាប្រឆាំង លោក ឆែម សាវុធ ភរិយា និងក្រុមគ្រួសារ របស់គាត់ទេ»។

សម្ដេចតេជោ បន្ដថា «ភ័ព្វសំណាងដែរ ដែលយើងគួរអរគុណលោក ឆែម សាវុធ និងភរិយា នៅពេលដែលគាត់មានអា ការៈមិនស្រួលគាត់បានទៅរកគ្រូពេទ្យ យើងបានទទួលព័ត៌មានពិតប្រាកដពីភរិយា លោក ឆែម សាវុធ និងលោក ឆែម សាវុធ ដូច្នេះគួរត្រូវអរគុណគាត់ គាត់មិនមែនជាអ្នកកសាងកំហុសទេ កូវីដទេជាអ្នកវាយប្រហារ បើកូវីដវៃប្រហារលោក ឆែម សាវុធ ហើយ បែរជាយើងនាំគ្នាវៃប្រហារដាក់ឲ្យលោក ឆែម សាវុធ បាត់បង់ការងារទៅទៀត នោះគឺយើងធ្វើទង្វើ មួយអគុណធម៌»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ