ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូសន្និសីទ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ជាមួយវៀតណាម ដឹកនាំដោយលោក ផាម ប៊ីញ មីញ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វៀតណាម។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា កិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ពំ្រដែន កម្ពុជា-វៀតណាម បានរៀបចំឡើងតាមរយៈប្រព័ន្ធវិដេអូ នាពេលនេះ បានប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ធផលជាទីមោទកៈក្នុងបរិយាកាសយ៉ាងស្មិតស្មាល សាមគ្គីភាព មិត្តភាព ជាប្រពៃណី ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ក្នុងលក្ខណៈជាប្រទេសជិតខាងដ៏ល្អ។

ដោយឡែក លោក ផាម ប៊ីញ មីញ បានបញ្ជាក់ថា លទ្ធផលទទួលបានក្នុងកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ពំ្រដែន កម្ពុជា-វៀតណាម គឺជាការបញ្ជាក់ឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់ របស់រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជា បណ្ដាលខេត្តជាប់ព្រំដែនរវាង វៀតណាម-កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតាមតំបន់ព្រំដែន វៀតណាម-កម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ