កម្ពុជា មានផ្ទៃដីដែលនៅសេសសល់សម្រាប់ធ្វើការដាំចម្ការឈើ យ៉ាងតិច ២លានហិកតា ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋពី ៧០ម៉ឺននាក់ ទៅ៨០ម៉ឺននាក់
កម្ពុជា មានផ្ទៃដីដែលនៅសេសសល់សម្រាប់ធ្វើការដាំចម្ការឈើ យ៉ាងតិច ២លានហិកតា ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋពី ៧០ម៉ឺន
ក្រចេះ ៖ ការវិនិយោគលើកសិឧស្សាហកម្មផ្នែកចម្ការឈើដាំជារឿងថ្មីនៅកម្ពុជា តែការវិនិយោគនេះត្រូវ បានអ្នកជំនាញផ្នែកបរិស្ថាន និងព្រៃឈើមើលឃើញថា វាជាដំណើរលើផ្លូវដ៏ត្រឹមត្រូវមួយរបស់កម្ពុជា នៅក្នុងការបង្កើតជម្រើសថ្មីលើការប្រើប្រាស់ឈើប្រកបដោយនិរន្តរភាព បង្កើតការងារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ពលរដ្ឋនៅតាមជនបទ និងចូលរួមកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និងការពារបរិស្ថាន។
ចម្ការឈើដាំជិត ៥០០០ ហិកតា ដែលក្រុមហ៊ុនស៊ីង បាយអូថេក បានដាំនៅក្នុងភូមិសាស្ត្រខេត្តក្រចេះនៅលើផ្ទៃដី ៣៤០០៧ ហិកតាដែលខ្លួនទទួលបានសិទ្ធិប្រើប្រាស់ពីរាជរដ្ឋាភិបាល គឺជាក្តីសង្ឃឹមថ្មីរបស់កម្ពុជាលើការវិនិយោគលើកសិឧស្សាហកម្មចម្ការឈើដាំ ហើយគេជឿជាក់ថា កម្ពុជានឹងអាចបោះជំហានទៅមុខដោយស្វាហាប់លើវិស័យនេះ និងឆ្ពោះទៅរកការប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានលើវិស័យចម្ការឈើដាំ។
លោក Run Peng Wei អ្នកជំនាញបច្ចេកទេសដាំកូនឈើរបស់ក្រុមហ៊ុនស៊ីង បាយអូថេក បានឱ្យដឹងថាការបង្កើតចម្ការឈើដាំមិនត្រឹមតែកាត់បន្ថយសម្ពាធនៃការប្រើប្រាស់ឈើធម្មជាតិនោះទេ ថែមទាំងផ្តល់ការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។
បើតាមអ្នកជំនាញ ថា ប្រទេសកម្ពុជាមានផ្ទៃដីដែលនៅសេសសល់សម្រាប់ធ្វើការដាំឈើ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រជាពលរដ្ឋ សហគមន៍ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនានា ដីសហការដាំដើមឈើជាមួយរដ្ឋយ៉ាងតិច ២លានហិចតា ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋពី៧០ ទៅ៨០ ម៉ឺននាក់។ អ្នកជំនាញរូបនេះបានជំរុញឱ្យមានការយក ចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតលើការវិនិយោគចម្ការឈើដាំនៅកម្ពុជា ព្រោះវានឹងផ្តល់ផលប្រយោជន៍ ច្រើនដល់បរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោក Run Peng Wei បានថ្លែងថាសម្រាប់ទិន្នផលមួយហិកតានៃចម្ការឈើដាំ គឺអាចប្រមូលបានទំហំ ១៥០ម៉ែត្រគូប ប៉ុន្តែសម្រាប់គុណភាពដើមប្រេងខ្យល់ដែលក្រុមហ៊ុនស៊ីងបាយអុថេកដាំបាននេះ គឺអាចទទួលទិន្នផលអាចលើសពី ១៥០ម៉ែត្រគូបក្នុងមួយហិកតា។ បន្ថែមពីនេះ បើតាមតម្លៃនៅលើទីផ្សារបច្ចុប្បន្ននេះអាចមានតម្លៃចាប់ពី ៤០ដុល្លារ ឬអាចឡើងដល់ ៦០ ដុល្លារ ទៅតាមតម្រូវទីផ្សារក្នុងពេលអនាគត។ លោក Run Peng Wei បានបន្តថា ក្រោយពីផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ ក្រុមហ៊ុនក៏បានសំឡឹងមើលទីផ្សារក្រៅប្រទេសផងដែរ ដូចជាប្រទេសចិន កូរ៉េជាដើម។ល។ លោកបាន ឱ្យដឹងថាប្រទេសវៀតណាម និងប្រទេសថៃដែលនៅជាប់ប្រទេសកម្ពុជា ប្រទេសនីមួយៗមានចម្ការឈើដាំប្រមាណ ៦០ ម៉ឺនហិកតាដែលលក់បានទឹកប្រាក់ចំណេញជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំ។
ដោយឡែក លោក ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថា នបានគូសបញ្ជាក់ថា ការវិនិយោគលើចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងអាចលក់តួនាទីរបស់ព្រៃឈើដែលបាននិងកំពុងថែរក្សាក្នុងក្របខ័ណ្ឌឥណទានកាបូន ថែមទៀតផង។
លោកបានលើកទឹកចិត្តនិងជំរុញឱ្យមានការវិនិយោគបន្ថែម ទៀតលើចម្ការឈើដាំ ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋសិក្សាពីផលប្រយោជន៍នៃចម្ការឈើដាំ រួមនឹងការ សហការណាមួយជាមួយក្រុមហ៊ុនស៊ីងបាយអូថេកដើម្បីពង្រីកចម្ការឈើដាំនៅកម្ពុជា៕EB