ភ្នំពេញ ៖ រយៈពេល២ខែដើមឆ្នាំ២០២១ ចំណូលពីវិស័យជលផលទទួលបានចំនួន៣១,៥៣៣,៦២៥រៀល ស្មើនឹង៨,៧៩ភាគរយនៃផែនការចំនួន ៣៥៨,៦០០,០០០រៀល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានការថយចុះចំនួន ២៨,៣៦២,៤៥៥ រៀល ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការនេសាទទឹកសាប ក្នុងនោះសម្រាប់ ដាយត្រី អនុវត្តបានចំនួន១០តោន សរុបរយៈពេល២ខែចំនួន ១,៣១០តោន ស្មើនឹង១០,៩២ភាគរយ នៃផែនការចំនួន ១២,០០០តោន ប្រៀបធៀបខែកុម្ភៈ ឆ្នាំ២០២០ ថយចុះចំនួន១៩០តោន ។នេសាទគ្រួសារក្នុងដែននេសាទអនុវត្តបានចំនួន ២៥,២០០តោន សរុបរយៈពេល២ខែចំនួន ៤៤,០០០តោន ស្មើនឹង១២,៧៥ភាគរយ នៃផែនការចំនួន ៣៤៥,០០០តោន ប្រៀបធៀបខែកុម្ភៈ ឆ្នាំ២០២០ ថយចុះចំនួន ៤,០០០តោន ។
ការនេសាទគ្រួសារតាមវាលស្រែ អនុវត្តបានចំនួន៥,៨០០តោន សរុបរយៈពេល២ខែចំនួន១១,៩០០តោន ស្មើនឹង ៨,២១ភាគរយ នៃផែនការចំនួន១៤៥,០០០តោន ប្រៀបធៀបខែកុម្ភៈ ឆ្នាំ២០២០ ថយចុះចំនួន៩០០តោន ។ ម្យ៉ាងទៀត ការនេសាទសមុទ្រអនុវត្តបានចំនួន ៨,៤៣០តោន សរុបរយៈពេល២ខែចំនួន ១៦,០៨០តោន ស្មើនឹង១២,៣៧ភាគរយ នៃផែនការចំនួន ១៣០,០០០តោន ប្រៀបធៀបខែកុម្ភៈ ឆ្នាំ២០២០ កើនឡើងចំនួន ៨០តោន ។
លោក បានបន្តថា ចំពោះវិស័យវារីវប្បកម្ម គឺការចិញ្ចឹមត្រីនិងបង្គា អនុវត្តបានចំនួន ២០,៨៨០តោន សរុបរយៈពេល២ខែចំនួន ៣៩,៨៤០តោន ស្មើនឹង៨,២៨ភាគរយនៃផែនការចំនួន៤៨១,០០០តោន ប្រៀបធៀបខែកុម្ភៈ ឆ្នាំ២០២០ កើនឡើងចំនួន ៦,៦៤០តោន។ ការចិញ្ចឹមក្រពើអនុវត្តបានចំនួន ១៣,៦០០ក្បាល សរុបរយៈពេល២ខែចំនួន២៣,០០០ក្បាល ស្មើនឹង ៦,៩៧ភាគរយនៃផែនការចំនួន ៣៣០,០០០ក្បាល ។ ការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន ២៣,០៥០,០០០កូន សរុបរយៈពេល២ខែចំនួន៣៨,១០០,០០០កូន ស្មើនឹង១៤,១១ភាគរយនៃផែនការចំនួន ២៧០,០០០,០០០កូន ។
លោក បានបញ្ជាក់បន្ថែមថា ផលនេសាទស្រស់នាំចេញចំនួន៤០៧តោន សរុបរយៈពេល២ខែចំនួន ៦៧០តោន ស្មើនឹង៤,៤៧ភាគរយ នៃផែនការចំនួន១៥,០០០តោន និងផលនេសាទកែច្នៃនាំចេញចំនួន៨១តោន សរុបរយៈពេល២ខែ ចំនួន១៧០តោន ស្មើនឹង៣,៤០ភាគរយ នៃផែនការចំនួន៥,០០០តោន៕