រាជរដ្ឋាភិបាល ចំណាយថវិកាឧបត្ថម្ភសាច់ជូនប្រជាជនក្រីក្រ ជាង២៣០លានដុល្លារ គិតត្រឹមថ្ងៃទី២៤ កុម្ភៈ
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិការដ្ឋ ចំនួន៩២២,៣១៥,៨៤៤,០០០រៀល ស្មើនឹង២៣០.៥៨លានដុល្លារ សម្រាប់ ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនគ្រួសារ ក្រីក្រ (ទាំងក្រ១ និងក្រ២) ទទួលបានការឧបត្ថម្ភ ចំនួន៦៨៨,៥៣៩គ្រួសារ។
ក្រសួងបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បានផ្ដល់ការអន្ដរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជ នក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រ យុទ្ធនឹងកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចំណាយថវិការដ្ឋចំនួន ៩២២,៣១៥,៨៤៤,០០០រៀល ស្មើនឹង២៣០.៥៨លាន ដុល្លារអាមេរិក»។
ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្ដបើកប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី៤ លើកទី២ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដែលមានរយៈពេល៣០ថ្ងៃ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩៕EB