ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ដ្រាលី ផ្ដល់ជំនួយហិរញ្ញប្បទាន ប្រមាណ៩០លានដុល្លារអូស្ដ្រាលី ស្មើនឹង ជាង៦០លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍ភាពធន់ វិស័យសេដ្ឋកិច្ចនៅកម្ពុជា រយៈពេល៥ឆ្នាំ ដែលនឹងចាប់ផ្ដើមចាប់ពីឆ្នាំ២០២២ តទៅ ។ នេះបើយោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក Andreas Zurbrugg អនុប្រធានបេសកកម្ម នៃស្ថានទូតអូស្ដ្រាលីប្រចាំកម្ពុជា បានបញ្ជាក់ ពីការគាំទ្ររបស់អូស្ដ្រាលី ក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទាន ប្រមាណ ៦៦លានដុល្លារអូស្ដ្រាលី សម្រាប់ឆ្នាំ២០២១ ដើម្បីគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍ ដែលផ្ដោតលើវិស័យសន្ដិសុខសុ ខាភិបាល, ភាពធន់សេដ្ឋកិច្ច, កសិកម្ម និងអប់រំ។

លោកបន្ដថា «ការរៀបចំគម្រោងទ្វេភាគីថ្មី ការអភិវឌ្ឍភាពធន់វិស័យសេដ្ឋកិច្ច (Resilience Economic Development) មានទំហំហិរញ្ញប្បទាន ប្រមាណ៩០លានដុល្លារអូស្ដ្រាលី សម្រាប់រយៈពេល៥ឆ្នាំ ដែលនឹងត្រូវចាប់ផ្ដើមចាប់ពីឆ្នាំ២០២២ នេះ រួមជាមួយលទ្ធភាពពន្យា៣ឆ្នាំបន្ថែម ទៀតផងដែរ។ គម្រោងនេះ នឹងផ្ដោត លើវិស័យអាទិភាព៤ រួមមាន ៖ទី១-វិស័យពាណិជ្ជកម្ម និងវិនិយោគ ,ទី២-កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម ,ទី៣-ហេដ្ឋា រចនាសម្ព័ន្ធ និងទី៤-បរិយាប័ន្នសង្គម និងយេនឌ័រ»។

ជាការឆ្លើយតប លោក ឈៀង យ៉ាណារ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលអូស្ដ្រាលី ក្នុងការគាំទ្រកិច្ចអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសអំឡុងពេលរីករាលដាល នៃជំងឺកូវីដ-១៩។ លោក បានកោតសរសើរចំពោះការផ្ដួចផ្ដើមកម្មវិធីរបស់អូស្ដ្រាលី ដែលមានសង្គតិភាព ជាមួយផែនការយុទ្ធសាស្ដ្រនៃការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩ ដោយផ្ដោតលើអភិក្រមការស្ដារ, ការកែទម្រង់ និងភាពធន់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ