ភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល  ប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងថា បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក ប្រជាពលរដ្ឋចង់ត្រឡប់ទៅជីវិតធម្មតាវិញ ប៉ុន្តែកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។


តាមរយៈសារក្នុងតេឡេក្រាម នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «បន្ទាប់ពីជួបប្រទះ ការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយ នៅក្នុងប្រទេ ស។  ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ ក្នុងការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក និងបិទខ្ទប់ ចុះឡើងៗវិញនោះទេ»។

លោកស្រី បន្ដថា ការបាត់បង់ជីវិតនៃស្វាមី និងភរិយា បណ្តាលមកពីជំងឺកូវីដ-១៩ ក្នុងថ្ងៃតែមួយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ គឺបានពញ្ញាក់ស្មារតី និងបានក្រើនរំលឹកទាំងអស់គ្នាច្បាស់ណាស់ថា កូនៗក្តី ក្រុមគ្រួសារក្នុងផ្ទះជាមួយក្តី និងស្វាមី-ភរិយាក្តី ចាំបាច់ណាស់ដែលត្រូវតែការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះ ហើយត្រូវចងចាំថា ពេលត្រឡប់មកផ្ទះវិញ កុំនាំវីរុសចង្រៃនេះចូលផ្ទះឱ្យសោះ ដើម្បីចៀសវាងឱ្យបាននូវការចម្លងបន្តគ្នា ដោយអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដែលអាចជួយបាន ឱ្យរួចផុតពីទុក្ខភ័យ និងការបាត់បង់សមាជិកគ្រួសារ។

លោកស្រី បន្ថែមថា ប្រសិនបើ ប្រញាប់ប្រញាល់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ និងជាពិសេស ការបើកប្រកបរបររកស៊ីទទួលទានឡើងវិញ តាមបែបធម្មតា ដូចកាលពីមុនមិនទាន់មានបញ្ហារាតត្បាតជំងឺកូវីដ-១៩ ដោយមិនបានត្រៀមលក្ខណ:ឱ្យស្របតាមបរិបទ «ធម្មតា តាមបែបគន្លងថ្មី» ដើម្បីការពារការចម្លងជំងឺកូវីដ-១៩នេះ ឱ្យបានត្រឹមត្រូវទុកជាមុនទេនោះ  មិនយូរមិនឆាប់នឹងនាំមកនូវការវិលត្រឡប់ នៃការឆ្លងរាតត្បាតនិងការបិទខ្ទប់នៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៥,២០៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន១៧,៧០១នាក់ និងស្លាប់ ចំនួន១៧៦នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ