រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកា ជាង២លានដុល្លារ សម្រាប់ជំរុញការបោសសម្អាតមីន និងកសាងសមត្ថភាពយុវជននៅកម្ពុជា
ភ្នំពេញ ៖ នាពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ឯកភាពផ្តល់ថវិកាចំនួន ២,២៣៥,៣៦៤ដុល្លារអាមេរិក សម្រាប់ជំរុញការ អភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីន និងគ្រាប់បែកចង្កោម និងសម្រាប់កសាងសមត្ថភាពយុវជននៅកម្ពុជា ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។
សូមជម្រាបថា ថវិកា ១,៧៦៣,២៥១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្ត «គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោសសម្អាតមីននៅខេត្តបន្ទាយ មានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី១)»។
ដោយឡែក «គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោមនៅ ខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី១)»។ ហើយថវិកា ៤៧២,១១៣ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោង ការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី២)។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។
ជាងនេះទៅទៀត ភាគីពាក់ព័ន្ធ ក៏បានលើកឡើងថា «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណ ភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ»។
ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីដ-១៩ ដែលហៅថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»៕EB