ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃគម្រោងបោសសំអាតមីនដើម្បីលទ្ធផល ឯកអគ្គរាជទូតរងស្តីទី នៃស្ថានទូត អូស្រ្តាលី លោក David Bloch បានប្រកាសនូវការចូលរួមចំណែករបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងផ្តល់មូលនិធិបន្ថែម ចំនួន១លានដុល្លារ នៅឆ្នាំ២០២១ ដើម្បីជួយបន្ថែមទៀតនូវកិច្ចប្រឹងប្រែងបោសសំអាតមីននៅកម្ពុជា។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មូលនិធិនេះនឹងជួយបង្កើននូវផ្ទៃដីដែលបោសសំអាតមីនរួច និងជួយជីវិតប្រជាជនកម្ពុជាឲ្យមានសុវត្ថិ ភាព និងរំដោះដីសម្រាប់ប្រើប្រាស់ក្នុងផលិតកម្ម ដើម្បីជួយស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាដែលប៉ះពាល់ ដោយសារ ជំងឺកូវីដ-១៩។

ប្រភពដដែល បញ្ជាក់ថា «ចាប់តាំងពីឆ្នាំ១៩៩៤មក អូស្រ្តាលីបានផ្តល់មូលនិធិជាង១០០លានដុល្លារអូស្រ្តាលី ដល់សកម្មភាពដោះមីននៅកម្ពុជា។យើងសូមអបអរដៃគូរបស់យើង រួមមាន អាជ្ញាធរសកម្មភាពបោសសំអាតមីន អង្គការ UNDP Cambodia KOICA 캄보디아사무소 (KOICA Cambodia Office) និង ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេស New Zealand ក្នុងការបន្តវឌ្ឍនភាពដើម្បីប្រែក្លាយកម្ពុជាជាប្រទេសគ្មានគ្រាប់មីន»។

ជុំវិញបញ្ហាខាងលើនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី១១ មករា នេះ ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ ក្នុងការផ្តល់ដីមានសុវត្ថិភាពពីការគម្រាមដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ