ភ្នំពេញ ៖ ធនាគារពិភពលោក លើកឡើងថា ការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជា ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានបន្ទុចបង្អាក់ដោយការរាលដាលវីរុសជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា (Delta) ដែលកាន់តែអូសបន្លាយនូវការលំបាករបស់បណ្តាក្រុមហ៊ុន និងរបស់គ្រួសារ ហើយស្ថានភាពនេះបានពន្យឺត ល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យវិសមភាពកាន់តែកើនឡើងថែមទៀត នៅក្នុងរយៈពេលវែងទៅថ្ងៃខាងមុខ។

លោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela Ferro) អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថា «ការអូសបន្លាយដោយការរាលដាលនៃវីរុសនេះ នឹងធ្វើឱ្យក្រុមហ៊ុនអាជីវកម្មខាត បង់ធនធានអរូបិយមានតម្លៃរបស់ខ្លួន ហើយក្រុមហ៊ុនដែលអាចឆ្លងផុតស្ថានភាពនេះ ក៏កំពុងតែផ្អាកការវិនិយោគរបស់ខ្លួនមួយរយៈសិនដែរ ខណៈក្រុមហ៊ុនតូចៗបានរងនូវការប៉ះទង្គិចខ្លាំងជាងគេ»។

លោកស្រី បានបញ្ជាក់ថា សម្រាប់តែប្រទេសកម្ពុជា ការប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ១៩ បានធ្វើឱ្យការស្តារសេដ្ឋកិច្ចមានភាពយឺត យ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ ដោយនៅឆ្នាំ២០២១នេះ ត្រូវបានកែសម្រួលពី៤ភាគរយ មកនៅត្រឹម២,២ភាគរយវិញ ស្របពេលវិស័យទេសចរណ៍ និងការធ្វើដំណើរ ដែលត្រូវបានព្យាករណ៍ថា បានផ្តល់ការងារ ប្រហែល២លានកន្លែង និងបានរួមចំណែកមួយភាគបួន(១/៤) នៃផលិតផលសរុបក្នុងស្រុក ក្នុងអំឡុងមុនពេលជំងឺរាតត្បាត ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។

របាយការណ៍បច្ចុប្បន្នភាពនេះ បានឱ្យដឹងថា ការបំផ្លាញឥតឈប់ឈរពីសំណាក់ការឆ្លងមេរោគកូវីដ១៩ និងពីសន្ទុះកម្រិតនៃការឆ្លងរបស់វា ទំនងជានឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យវិសមភាពកាន់តែកើនឡើងថែមទៀត សម្រាប់រយៈពេលវែងឆ្ងាយទៅថ្ងៃមុខ ខណៈសកម្មភាពសេដ្ឋកិច្ចបានធ្លាក់ចុះ ដោយទាបជាងក្នុងកម្រិតជិត២ភាគរយ បើធៀបទៅនឹងការព្យាករណ៍ទុកនៅក្នុងការធ្វើបច្ចុប្បន្នភាពកាល ពីខែមេសា ឆ្នាំ២០២១៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ