គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យប្រជាពលរដ្ឋ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឱ្យប្រជាពលរដ្ឋទប់បង្ការស្កាត់ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី៣០ កញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៣ ខាងមុខ។
តាមរយៈសេចក្តីអំពាវនាវរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកោតសរសើរប្រកបដោយក្តី មោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកយ៉ាងផុសផុលក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួសនិងការខូចខាតទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាពេលកន្លងទៅ។
ប្រភពដដែល បានលើកឡើងថា ទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបាន និងកំពុងគំរាមកំហែងដល់អ្នកប្រើប្រាស់ផ្លូវ បង្កឱ្យមានសោកនាដកម្មបាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិជារៀងរាល់ថ្ងៃ ហើយតែងតែមាន កំណើនខ្ពស់ ក្នុងពេលមានពីធីបុណ្យ នានាដែលមានកំណើនចរាចរណ៍មមាញឹក ដោយការបើកបរមិនគោរព ច្បាប់ ការធ្វេសប្រហែស ឬខ្វះការយោគយល់អធ្យាស្រ័យ។
ក្នុងន័យនេះ នាឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើន ស្មារតីចូល រួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕EB