ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើឲ្យអង្គភាពសាង សង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ ដោយគោរពតាមបទដ្ឋានបច្ចេកទេស ចៀសវាងការសាងសង់រួចហើយ ត្រូវគាស់កកាយ ជួសជុលឡើងវិញ នាំឲ្យខាតបង់ថវិកាទៀត។

សូមជម្រាបថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប អនុវត្តដោយអង្គភាពសាងសង់ផ្លូវ ចំនួន៨ ដើម្បីពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមលក្ខខណ្ឌ តម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល មានប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឲ្យបានទាន់ពេលវេលា។


ក្នុងឱកាសចុះពិនិត្យគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «សូមផ្ដាំផ្ញើឲ្យអង្គភាពសាងសង់យកចិត្តទុកដាក់ ខ្ពស់ ក្នុងការសាងសង់ ដោយគោរពតាមបទដ្ឋានបច្ចេកទេសសាងសង់ និងសៀវភៅបន្ទុកដែលបានព្រមព្រៀង ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញដែលនាំឲ្យខាតបង់ថវិកាបន្ថែមទៀត»។ 


ជាមួយគ្នានោះផងដែរ រដ្ឋមន្ដ្រីសាធារណការ ក៏បានណែនាំឲ្យអង្គភាពស្ថាបនាផ្លូវ ធ្វើការពិភាក្សាអំពីលក្ខណៈបច្ចេកទេស ឲ្យបានល្អិតល្អន់ជាមួយ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស ជាពិសេស គុណភាពនៃសម្ភារបរិក្ខារដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់ ដើម្បីធានាបាននូវការប្រើបាស់សម្ភារបរិក្ខារ មានគុណភាព។

ជាការឆ្លើយតប អង្គភាពស្ថាបនាផ្លូវទាំងនោះ បានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងអនុវត្តតាមក្បួនខ្នាតបច្ចេកទេស ដែលបានព្រមព្រៀង ដើម្បីធានាឲ្យគុណភាពសំណង់មានភាពរឹងមាំអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។


សូមបញ្ជាក់ជូនថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈ ពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ