ភ្នំពេញ ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជម្រាបជូនដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ នូវរបាយការណ៍ទាក់ទងនឹងវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកំពង់ស្ពឺ។
លោកបានឲ្យដឹងថាក្នុងឆ្នាំ២០១៩កន្លងទៅ រដ្ឋបាលខេត្តបានទទួលចំណូល ៩២.៦៥៤ លានរៀល ស្មើនឹង ៥១០% នៃផែនការប្រចាំឆ្នាំ ដោយចំណាយថវិកាចំនួន ៧៥.០៤៣ លានរៀល ស្មើនឹង ៩៩% នៃផែនការប្រចាំឆ្នាំសម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍ខេត្ត ។
លោកបន្ថែថា បន្ទាប់ពីការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានដាក់ឱ្យអនុវត្តនាចុងឆ្នាំ២០១៨ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត បានផ្តល់សេវាសាធារណៈចំនួន ៣៧.៥៤១ សេវា ដោយទទួលបានថវិកាសរុបចំនួន ៣.៥៦០.៨៣៣.៦៥០ រៀល៕EB