ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតតំបន់បតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង។

អនុក្រឹត្យនេះមានគោលបំណង ការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់, កម្រិតដល់ការប្រើប្រាស់ធនធានំជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ, ការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថានធម្មជាតិ និងវប្បធម៌ នៅក្នុងមូលដ្ឋាន។

អនុក្រឹត្យខាងលើ ក៏ផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ ប្រកបដោយនិរន្តរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។

អនុក្រឹត្យនោះ បានតម្រូវឲ្យ ក្រសួងបរិស្ថានមានសមត្ថកិច្ច រៀបចំនិងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពត និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពស្របតាមបទប្បញ្ញត្តិ នៃច្បាប់ជាធរមាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ