ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស ចាក់ដូសទី៣ ឬដូសជំរុញ បានប្រមាណជិត៧៨ម៉ឺននាក់ រួចទៅហើយ។ ហើយនៅព្រឹកនេះ សម្ដេច និងភរិយា ក៏បានចាក់ដូសទី៣ ឬដូសជំរុញ រួចរាល់ហើយ ផងដែរ។
នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជាមួយភរិយាជាទីស្រឡាញ់។ (តែពីរនាក់ បានហើយយាយនិងតា)»។
សម្ដេចតេជោ បញ្ជាក់ថា «នៅទូទាំងប្រទេស ចាក់ដូសទី៣ឬដូសជំរុញ បានប្រមាណជិត៧៨ម៉ឺននាក់ រួចទៅហើយ។ យើងនឹងបន្តការចាក់ដូសទី៣ ឱ្យបានគ្រប់ៗគ្នា សម្រាប់បងប្អូន ដែលបានចាក់ដូស ទី១និងដូសទី២រួចរាល់ ទៅតាមពេលវេលា ដែលត្រូវចាក់ដោយ គិតពីដូសទី២ទៅដូសទី៣ ក្នុងរយៈពេលពី៤ទៅ៦ខែ»៕