ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក)បានថ្កោលទោសយ៉ាងដាច់អហង្ការ ដោយមិនអាចទទួលយកបានឡើយ ចំពោះការប្រព្រឹត្តិអំពើឃោរឃៅ យង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌របស់ស្ដ្រីឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ដែលបានធ្វើទារុណកម្មយកកាំបិតវះកាត់មុខ ច្រមុះ ដៃ លើក្មេងស្រីអាយុ៥ឆ្នាំ។ 

សូមជម្រាបថា ករណីខាងលេីនេះបានកេីតឡេីង កាលពីរសៀលថ្ងៃទី១៦  ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈករណីនេះសមត្ថកិច្ចបាននិងកំពុងចាត់វិធានការតាមនីតិវិធី។ 

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី១៧  ខែកក្កដា  ឆ្នាំ ២០២០ បានយល់ឃើញថាអំពើដ៏សាហាវឃោរឃៅយង់ឃ្នង ព្រៃផ្សៃរបស់ស្ដ្រីឈ្មោះលីវ ប៊ុនធឿន បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអភិវឌ្ឍ និងសិទ្ធិរស់រានមានជីវិតរបស់កុមារ។

ពាក់ព័ន្ធនឹងអំពើឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការ មេត្តាយកចិត្តទុកដាក់ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះជនល្មើស ដើម្បីកុំឲ្យអំពើដ៏អាក្រក់នេះ កើតមានក្នុងសង្គមកម្ពុជាបន្ដទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ