ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្ឃឹមថា ជប៉ុននៅតែបន្តគាំទ្រទៅលើការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ។

នាឱកាសអនុញ្ញាតជូនលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនថ្មី ចូលជួបសម្តែងការគួរសម នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង កត់សម្គាល់ថា ជាការជួយគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោត ឃុំ សង្កាត់ លើកដំបូងរបស់កម្ពុជា កាលពីឆ្នាំ២០០២ ដែលនៅពេលនោះ ជាការចាប់ផ្ដើមដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការផ្ទេរអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេច ក៏សង្ឃឹមជឿជាក់ថា «រាជរដ្ឋាភិបាលជប៉ុន នឹងនៅតែបន្តគាំទ្រដល់កិច្ចការទាំងនេះ ជាពិសេសទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានឈានចូលដល់ដំណាក់កាលនៃការអនុវត្តនូវផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី២។ ជប៉ុននៅតែបន្តគាំទ្រទៅលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ»។ 

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរលង់រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ លោក ក៏មានសេចក្ដីសោមនស្សរីករាយដោយទទួលព័ត៌មានពីសម្ដេច អំពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងមហាផ្ទៃ ជាមួយនឹងបណ្ដាអគ្គរាជទូតជប៉ុនមុនៗ ទៅលើវិស័យរដ្ឋបាល ស៊ីវិល និងសន្តិសុខ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ