ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានប្រកាសធានាថា គោលនយោបាយរបស់ប្រទេសកម្ពុជា ចំពោះប្រទេសចិន គឺមិនផ្លាស់ប្ដូរឡើយ ខណៈកម្ពុជា ស្ថិតក្នុងដំណើរការបង្កើតរដ្ឋាភិបាលថ្មី ហើយសម្ដេច ក៏ត្រៀមខ្លួនរួចជាសម្រេច ដើម្បីធ្វើយ៉ាងជិតស្និទ្ធជាមួយចិន។

តាមរយៈសារលិខិតថ្លែងអំណរគុណរបស់ គណបក្សប្រជាជនកម្ពុជា ផ្ញើជូនចំពោះលោក ស៊ី ជិនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ដែលបានផ្ញើសារលិខិតពីរដ្ឋធានីប៉េកាំង ដើម្បីអបអរសាទរចំពោះជ័យជម្នះសាជាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះពាក្យពេចន៍អបអរសាទររបស់ លោក ស៊ី ជិនពីង ផ្ញើជូន សម្ដេច សម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងការបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។

សម្ដេចតេជោ ក៏បានអបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយនីស្តចិន (CPC) ដែលមានឯកឧត្តមជាស្នូល សម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីសម្រេចនូវគោលដៅ១០០ឆ្នាំទី២ ឆ្ពោះទៅសម្រេចនូវប្រជាជាតិដ៏រុងរឿងបំផុតក្នុងអនាគតដ៏ខ្លីខាងមុខ ក៏ដូចជាធានាបាននូវតួនាទីដ៏សំខាន់របស់ចិនក្នុងតំបន់ និងឆាកអន្តរជាតិ។

សម្ដេចតេជោ គូសបញ្ជាក់ថា «ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយសង្កេតឃើញថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង CPP និង CPC បន្តរីកចម្រើនកាន់តែខ្លាំងក្លា ហើយប្រទេសទាំងពីររក្សាបាននូវចំណងមិត្តភាពដ៏ល្អប្រសើរ រហូតកា្លយទៅជាសហគមន៍វាសនារួម និងមិត្តភាពដែកថែប។ ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មី ខ្ញុំសូមធានាចំពោះ ឯកឧត្តមថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិនគឺមិនផ្លាស់ប្ដូរឡើយ»។ 

សម្ដេចតេជោ បន្ដថា «ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ