រដ្ឋាភិបាលចិន ផ្តល់ជំនួយវ៉ាក់សាំង ៣លានដូសថែមទៀតដល់កម្ពុជា ដើម្បីចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្រោយពេលដែលសម្តេច និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៦ នៅវិមានសន្តិភាព នាព្រលប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះ បានមកដល់ចំនួន២លានដូសហើយ ហើយនឹងមកដល់៣លានដូសទៀត ដែលមានចំនួនសរុប៥លានដូស ហើយបូកថែមនឹងជំនួយរបស់មិត្តចិនថ្មីនេះចំនួន៣លានដូសទៀត និងការចាក់កន្លងមកជិត១លានដូស យើងនឹងមាន៩លានដូស។ បើយើងត្រូវការចាក់១២លានដូសទៀត យើងត្រូវការតែ៣លានដូសទៀតប៉ុណ្ណោះ៕