ប៉ោយប៉ែត ៖ លោកស្រី ថាក់ ឡានី អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សប្រឆាំង និងធ្លាប់ជាសមាជិកព្រឹទ្ធសភា នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ តាមច្រកអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីបាននិរទេសខ្លួន ទៅប្រទេសស៊ុយអែត អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។

លោកស្រី ថាក់ ឡានី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា វត្តមានលោកស្រី ដែលបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ គឺមានការជួយជ្រោមជ្រែងយ៉ាងខ្លាំង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតបក្សប្រឆាំងរូបនេះ បាននិយាយថា ខ្លួនពិតជារំភើបចិត្ត រកអ្វីប្រៀបផ្ទឹមពុំបាននោះទេ ដែលទទួលបានការសណ្ដោសប្រណី ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។  

លោកស្រី ថាក់ ឡានី បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានទៀតថា ចាប់តាំងពីលោកស្រី បានចាកចេញពីប្រទេស កម្ពុជា ទៅនៅប្រទេសស៊ុយអែត តាមការបំភ័យឲ្យរត់គេច ពីអតីតមេបក្សប្រឆាំងនោះមក គឺលោកស្រីបានរស់នៅម្នាក់ឯង ហើយអតីតមេបក្សប្រឆាំងរបស់ខ្លួន មិនដែលមកសួរសុខទុក្ខម្ដងណាឡើយ។ 

អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតបក្សប្រឆាំងរូបនេះ បានរៀបរាប់ទៀតថា នៅពេលដែលលោកស្រី មានទុក្ខព្រួយ គឺលោកស្រី នឹកឃើញតែមេដឹកនាំម្នាក់គត់ ដែលអាចជួយសង្គ្រោះលោកស្រី គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្រោយមកលោកស្រី ក៏ទទួលបានការសណ្ដោសប្រណី ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ទើបអាចវិលត្រលប់មកជួបជុំក្រុមគ្រួសារវិញ នៅថ្ងៃទី១៤ ខែឧភា ឆ្នាំ២០២១។

ជាចុងក្រោយលោកស្រី ថាក់ ឡានី និងស្វាម៉ី បានគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែជួយដោះស្រាយ ទុក្ខលំបាកឲ្យប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកស្រី ថាក់ ឡានី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និង៦ខែ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចំនួន១០០រៀល ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទ «ញុះញង់ឲ្យប្រព្រឹត្តអំពើបង្ក ឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»។

យ៉ាងណាក៏ដោយ បន្ទាប់ពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោកស្រី ថាក់ ឡានី ត្រូវបានសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យលើកលែងទោស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ