សម្ដេចតេជោ ហ៊ុន សែន ណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយគ្រប់មធ្យោបាយ ដើម្បីអបអរសាទ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវផ្សព្វផ្សាយ តាមគ្រប់មធ្យោបាយ ដើម្បីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១។
តាមសារាចរណែនាំរបស់ រាជរដ្ឋាភិបាល ថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេ កទេស និងវិជ្ជាជីវៈ លើកទី៤ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ប្រារព្ធឡើងក្រោមប្រធានបទ «TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់»។
សម្ដេចតេជោ បន្ដថា កម្ពុជាកំពុងបន្តចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនោះ រាជរដ្ឋាភិបាល ធ្វើការណែនាំ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបន្ទុករៀបចំទិវាជាតិនេះ តាមរយៈការផលិតជាវីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី- ខេត្ត អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស។
សម្ដេចតេជោ មានប្រសាសន៍ថា «ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយតាមគ្រប់មធ្យោ បាយ ដើម្បីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ តាមអង្គភាពរៀងៗ ខ្លួន ជាពិសេស រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការផ្សព្វផ្សាយ និងគាំទ្រដល់ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ និងឯកជន អង្គការ សមាគម និងសហគមន៍ រៀបចំចងបដា ពាក្យស្លោកផ្សព្វផ្សាយ ពីទិវាជាតិនេះក្នុងដែនដីរបស់ខ្លួន»។
សម្ដេចតេជោ បន្ថែមថា ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គម នានារួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត ឱ្យធ្វើការផ្សព្វផ្សាយខ្លឹមសារឯកសារផ្សេងៗ ក្នុងឱកាសប្រារព្ធទិវាជាតិនេះ ឱ្យស្របតាមប្រធានបទ «TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់»។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ មិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និង ផ្នែកឯកជន ឱ្យបានយល់អំពីសារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា ធីវេទ (TVET)»៕EB