ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានគណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានចេញបទបញ្ជាឱ្យអាជ្ញាធរ ត្រូវធានាដាច់ខាត ចំពោះសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជានាពេលខាងមុខនេះ ខណៈកម្ពុជា ក៏ត្រៀមកងកម្លាំងចំនួន ២៣.៧៥១នាក់ ផងដែរ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ លើកទី១២ ឆ្នាំ២០២៣ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា «គោលបំណងទីមួយ ត្រូវធានាដាច់ខាត សុវត្ថិភាព និងសន្ដិសុខទាំងស្រុង នៅពេលប្រារព្ធពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ទាំងមុន និងក្រោយការប្រកួត។ គោលបំណងទីពីរ លើកកិត្យានុភាពរបស់ប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ។ ព្រឹត្តិការណ៍កីឡា គឺផ្សារភ្ជាប់ជាមួយ នយោបាយ កិត្យានុភាពប្រទេសជាតិ និងប្រជាពលរដ្ឋ»។

នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់អាជ្ញាធររាជធានី-ខេត្ត ទាំងអស់ ត្រូវការសហការគ្នា ពង្រឹងសុវត្ថិភាព និងសន្ដិសុខ ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យក្នុងរៀបចំធ្វើជាម្ចាស់ផ្ទៃ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាជនពិការប៉ារ៉ាហ្គេម។ ជាពិសេស  អាជ្ញាធររាជធានី-ខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ និងគ្រប់គ្រង ពួកឧបាយកលអមិត្តនានា។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានធ្វើបទបង្ហាញសង្ខេប ស្ដីពីផែនការ របស់គណៈកម្មការសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC ស្ដីពីកិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ថា ក្នុងឱកាសពិធីប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម ត្រូវប្រើប្រាស់កងកម្លាំងសរុបចំនួន ២៣.៧៥១នាក់។

នាយឧត្តមសេនីយ៍ អគ្គស្នងការង បានរៀបរាប់ថា ក្នុងចំណោមកងកម្លាំង ចំនួន ២៣.៧៥១នាក់ នោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ១៣.០០៣នាក់, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចំនួន ១២០នាក់, កងរាជអាវុធហត្ថ ចំនួន ៥.០៩១នាក់, បញ្ជាការដ្ឋានអង្គរក្ស ចំនួន ២.៨៨៨នាក់, បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ចំនួន ៣៤៦នាក់, ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃ ចំនួន ៨៩នាក់, បញ្ជាការដ្ឋានកងពលតូចអន្ដរាគមន៍លេខ៧០ ចំនួន ៣០០នាក់, បញ្ជាការដ្ឋានកងទ័ពជើងទឹក ចំនួន ១៩៥នាក់, បញ្ជាការដ្ឋានកងទ័ពជើងអាកាស ចំនួន ៥៥នាក់, ការិយាល័យទី២ កងទ័ពជើងគោក ចំនួន ៣៥នាក់, អាជ្ញាធរអាកាសចរណ៍ស៊ីវិល ចំនួន ១០០នាក់, អាជ្ញាធរជាតិអាវុធគីមី ជីវសាស្ដ្រ វិទ្យុសកម្ម នុយក្លេអ៊ែរ ចំនួន ៣០នាក់, ក្រសួងសុខាភិបាល ចំនួន ១.0១២នាក់, អគ្គិសនីកម្ពុជា ចំនួន ៨២នាក់, សន្ដិសុខឯកជន ចំនួន ៤០៥នាក។

សូមបញ្ជាក់ថា ពិធីបើក ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជានោះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចូលរួមការប្រកួត ៤០ប្រភេទកីឡា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ