ប្រជាពលរដ្ឋ ឃុំកន្សោមអក រីករាយពេលចាក់វ៉ាក់សាំងរួចរាល់ និងថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន បានស្វះស្វែងរកវ៉ាក់សាំង
ព្រៃវែង ៖ ប្រជាពលរដ្ឋទូទាំងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានបង្ហាញក្តីរីករាយជាពន់ពេកនៅពេលទទួលបានឱកាសចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដោយពួកគាត់ មើលឃើញថា វ៉ាក់សាំងជាកងការពារដ៏រឹងមាំសម្រាប់សុខភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ប្រជាពលរដ្ឋទូទាំងឃុំកន្សោមអក ក៏ដូចជា ប្រជាពលរដ្ឋនៅតាមបណ្តាឃុំដទៃទៀត ក្នុងស្រុកកំពង់ត្របែក កំពុងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការរៀបចំរបស់ក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋខ្មែរ។
បន្ទាប់ពីចាក់វ៉ាក់សាំងរួច ប្រជាពលរដ្ឋរស់នៅឃុំកន្សោមអក បានថ្លែងប្រាប់ក្រុមការងារសារព័ត៌មាន NP News ថា ពួកគាត់យល់ច្បាស់អំពីគុណប្រយោជន៍របស់វ៉ាក់សាំងកូវីដ-១៩ ដែលនឹងជួយការពារសុខភាពរបស់ពួកគាត់មិនឱ្យឆ្លងជំងឺកូវីដ-១៩។ ដោយពួកគាត់ បាននិយាយជាមួយសម្តីមាត់ៗ និងមុតមាំថា «ខ្ញុំមកនេះ ដើម្បីសុវត្ថិភាពខ្លួនខ្ញុំផ្ទាល់ ព្រោះជំងឺកូវីដ១៩ យើងដឹងហើយនៅទូទាំងពិភពលោកមានការរាតត្បាតខ្លាំង ក្នុងនាមខ្ញុំ ជាប្រជាពលរដ្ឋ ខ្ញុំត្រូវតែមកទទួលវ៉ាក់សាំង»។
ប្រជាពលរដ្ឋ ដដែល ក៏បានរៀបរាប់អំពីសុខភាពខ្លួនឯងថា ពេលបានមកចាក់វ៉ាក់សាំងរួចហើយ មានអារម្មណ៍ធូរចិត្ត លែងសូវភ័យព្រួយអីទៀតហើយ ពេលចាក់វ៉ាក់សាំងហើយមិនមានធ្វើទុកអ្វីនោះទេ និងថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាជន ដើម្បីការពារពីជំងឺកូវីដ-១៩។
ដោយឡែក លោកស្រី ហេង ស្រីពៅ មេឃុំកន្សោមអក បានលើកឡើងថា ដំណើរការចាក់វ៉ាក់សាំង ក្នុងឃុំកន្សោមអក មានដំណើរការល្អប្រសើរ ដោយមានកិច្ចសហការល្អរវាង ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ទីរពេទ្យខេត្ត ជាមួយមន្ទីរបង្អែក ស្រុក ក៏ដូចជា អាជ្ញាធរមូលដ្ឋាន។ អ្នកស្រី អរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ បានជួយសម្របសម្រួលឱ្យដំណើរការ ចាក់វ៉ាក់សាំងមានភាពរលូន។
លោកស្រី មេឃុំ បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋទាំងអស់ កុំចាញ់បោកពាក្យចចារ៉ាមថា «ទាល់តែអស់លុយ ទើបបានចាក់វ៉ាក់សាំងកូវីដ-១៩»។ អ្នកស្រី បន្ដថា សូមជឿទុកចិត្ដលើ សម្ដេចតេជោ ហ៊ុន សែន ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ជាងនេះទៅទៀត លោកស្រី មេឃុំកន្សោមអក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងឃុំកន្សោមអក ត្រូវចូលរួមមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ជាពិសេសនោះ កាត់ផ្ដាច់ការឆ្លងរីករាលដាលក្នុងសហគមន៍។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៦-២៨ ខែកក្កដា ឆ្នាំ២០២១នេះ ឃុំកន្សោមអក បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ សម្រេចបាន ចំនួន ៤,០៩៤នាក់ ក្នុងនោះ ស្រី ចំនួន ២,២៣៥នាក់៕