សម្ដេចតេជោ ហ៊ុន សែន យល់ព្រម ផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចាក់ជូនកងកម្លាំងនគរបាល ការពារព្រំដែន ជាង៥ពាន់នាក់
3 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយល់ព្រម ផ្ដល់វ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីចាក់ជូនកងកម្លាំង នគរបាលវេរសនាតូច ការពារព្រំដែនគោក-ទឹក ចំនួន៥.២២៨នាក់ ក្រោយពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាន នគរបាលជាតិ ធ្វើការស្នើសុំសម្តេចតេជោ។
យោងតាមលិខិតស្នើសុំ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដាក់ជូនសម្តេចតេជោ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នោះ គឺនៅថ្ងៃ៥ កុម្ភៈនេះ សម្តេចបានចារ យល់ព្រមលើលិខិតស្នើសុំនេះ។
សម្ដេចតេជោ ហ៊ុន សែន បានចារថា “យល់ព្រម ។ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ រៀបចំចាក់ជូនជាមួយកងទ័ព ក្នុងពេលជាមួយគ្នា” ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ នៅថ្ងៃទី៥ កុម្ភៈ នេះ បានបញ្ជាក់ជាថ្មីម្ដងទៀតថា វ៉ាក់សាំងកូវីដ១៩ចំនួន៦០ម៉ឺនដូស ដែលជាជំនួយរបស់ចិន ក្នុងដំណាក់កាលដំបូងនឹង ដឹកមកដល់កម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ទី៧ កុម្ភៈ ៕EB