អភិបាលខេត្តសៀមរាប ព្រមានថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្រោយពលរដ្ឋមួយចំនួន មិនអនុវត្តតាមការណែនាំក្រសួងសុខាភិបាល
3 ឆ្នាំ មុន
ភ្នំពេញ ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុប្រជាពលរដ្ឋមួយចំនួន មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ទៀ សីហា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា «ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំឱ្យឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់»។
លោកក៏បានសូមការយោគយល់ និងអធ្យាស្រ័យ ចំពោះប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត៕