ក្រសួងវប្បធម៌ បញ្ជាក់ថា ថៃមិនបានលួចចម្លង ឬសាងសង់តាមរចនាបថ ប្រាសាទអង្គរវត្តរបស់កម្ពុជាឡើយ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បកស្រាយថា ការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្ម ដូចគ្នា ទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទមួយចំនួនទៀត របស់កម្ពុជាឡើយ។
តាមរយៈបណ្តាញសង្គមជាពិសេសប្រព័ន្ធហ្វេសប៊ុក ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្មមួយ នៅខេត្តបុរីរម្យ ក្នុង ប្រទេសថៃ នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទំនាក់ទំនង និងសហការយ៉ាង ជិតស្និទ្ធជាមួយស្ថាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំ ថៃ ដើម្បីស្រាវជ្រាវប្រមូល ព័ត៌មានបន្ថែម។
តាមសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា បានចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និង ប្រមូលបានព័ត៌មានជាបឋមមួយចំនួន ដូចជា សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជា ទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វានៃភូមិណងឡាយ ឃុំបានស៊ិង ស្រុក ណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដកពីខាងក្នុង។
ក្រសួង បញ្ជាក់ថា «តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថា ការសាង សង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬ ប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅ តាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ»។
ក្រសួង បន្ដថា តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែក ស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ។
ជាងនេះទៅទៀត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជនរួមជាតិ ដែលតែង យកចិត្តទុកដាក់ ការពារ លើកតម្កើងកិត្យានុភាព អត្តសញ្ញាណជាតិ ព្រមទាំងសិល្បៈវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិ ប្រកបដោយសេចក្ដីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់។ ក្រសួងនឹងធ្វើការហើយតាមដានការងារនេះជាបន្តដោយយកចិត្តទុកដាក់៕EB