ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន អនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រា មានអ្នកចូលរួមប្រមាណ ៥០នាក់ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៧ និង៣០នាទីព្រឹក ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនលោកស្រី អ៊ុក ឆាយ៉ាវីប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា ទន្ទឹមនេះ ក្រសួងមហាផ្ទៃ បានស្នើឱ្យលោកស្រីប្រធានត្រូវធ្វើការសម្របសម្រួល និងសហការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំ តម្រាយផ្លូវធ្វើ ដំណើរឆ្លងកាត់ និងទីកន្លែងបញ្ចប់ការដង្ហែក្បួនធម្មយាត្រា ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍តាម ដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវគោរព និងអនុវត្តនូវវិធានសុខាភិបាលដែលបានដាក់ ចេញដោយអាជ្ញាធរមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានាផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកស្រី អ៊ុក ឆាយ៉ាវី បានធ្វើលិខិតជម្រាបជូនសម្តេចក្រឡាហោម ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងរៀបចំការហែធម្មយាត្រាស្ដីពី«សីលធម៌សង្គម» ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម និងឲ្យមនុស្សគ្រប់រូបមិនថាអ្នកតូច ឬអ្នកមានតួនាទីត្រូវមានសីលធម៌រស់ នៅក្នុងសង្គម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ