សម្ដេច ស ខេង បញ្ជាឱ្យអាជ្ញាធរចាត់វិធានការបទល្មើសគ្រឿនញៀន ល្បែងស៊ីសង និងក្មេងទំនើង ដើម្បីកម្ពុជា មានសណ្តាប់ធ្នាប់ល្អ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើណែនាំអាជ្ញាធរចាត់វិធានការ និងទប់ស្កាត់រាល់បទល្មើសគ្រឿនញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងចោរប្លន់ប្រដាប់អាវុធ ព្រមទាំងគ្រោះថ្នាក់ចរាចរណ៍ជាដើម ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា មានសណ្តាប់ធ្នាប់ល្អ។
នាឱកាសអញ្ជើញជួបសំណេះសំណាលថ្នាក់ដឹកនាំយុវជន ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងថា «ក្រុមការងារយុវជនត្រូវបន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមរយៈ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការចូលរួមសហការ និងជំរុញឱ្យអាជ្ញាធរ និងសា្ថប័នមានសមត្ថកិច្ចចាត់វិធានការ ទប់ស្កាត់រាល់បទល្មើសគ្រឿនញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើយ៉ាងកសាងសង្គមកម្ពុជាឱ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងរក្សាកិត្តិយស សេចក្ដីថ្លៃថ្នូរលើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ»។
ជាងនេះទៅទៀត សម្ដេច ស ខេង ក៏បានណែនាំក្រុមការយុវជន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបង្កើននូវការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពសង្គម ក្រុមការងារយុវជន ត្រូវបង្កើនការកសាងសមត្ថភាព ចំណេះដឹងពាក់ព័ន្ធការងារសង្គម និងនយោបាយ ហើយត្រូវមានសីលធម៌ និងអាកប្បកិរិយាល្អចំពោះប្រជាពលរដ្ឋនៅពេលចុះមូលដ្ឋានផងដែរ។
សម្ដេច ស ខេង បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំយុវជនទាំងអស់ បន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និង បន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជា និងការកសាងសន្តិសុខ ប្រកបដោយភាពសុខដុម ដោយផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្ន និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក និងចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ៕