ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ ជូនកម្មករ-កម្មការិនីរូបណា ក្រុមហ៊ុនរោងចក្រកាត់ប្រាក់ខែចំនួន ២០ដុល្លារ បើមិនបានចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយ សម្តេច នាយករដ្ឋមន្ដ្រី។

ការលើកឡើងរបស់ សម្ដេច នាយករដ្ឋមន្ដ្រី បែបនេះក្រោយពីក្មេងពារម្នាក់ក្រៅប្រទេស បានបង្ហោះតាមបណ្ដាញសង្គេម ថា អ្នកណា មិនបានចូលរួមកម្មវិធីជួបសំណេះសំណាល់ជាមួយ សម្ដេច ត្រូវកាត់ប្រាក់ខែ២០ដុល្លារ។

នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់កម្មករ-កម្មការិនី រូបណា ត្រូវបានកាត់ប្រាក់ខែចំនួន ២០ដុល្លារ ត្រូវចេញមុខមក សម្ដេច សង់ ២ម៉ឺនដុល្លារវិញ។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «មានអាមួយណានោះ (ក្មេងពារ) ផុសថា មិនបានមក (មកកម្មវិធីសម្ដេច) គេកាត់ប្រាក់ខែ ២០ដុល្លារ។ ឥឡូវអ្នកណាគេកាត់ប្រាក់ខែ មិនបានមកនោះ។ មកបាន ក៏មកទៅ មកមិនបានទេ ក៏ហីទៅ ឥឡូវហ្អែងស្បថឲ្យត្រូវគ្រាប់ទៅ ស្បថឲ្យត្រូវរទះបាញ់ទៅ តើកើតចឹងទេ? បញ្ចេញឈ្មោះមក»។

សម្ដេចតេជោ បន្ដថា «អំពាវនាវកម្មករណា គេកាត់ប្រាក់ដែលមិនបានជួបពូ ហើយគេកាត់ប្រាក់ខែចេញមុខមក បើអ្នកឯងបាត់បង់ ២០ដុល្លារ ខ្ញុំឲ្យ ២ម៉ឺនដុល្លារ ហើយចេញមុខមក ដើម្បីខ្ញុំចង់ដឹងថា តើវាមានអំពើនឹងពិតមែនឬអត់?»។

ជុំវិញកាត់ប្រាក់កម្មករ-កម្មការិនី ចំនួន ២០ដុល្លារ នេះដែរ សម្ដេច នាយករដ្ឋមន្ដ្រី នឹងស៊ើបអង្កេតបញ្ហានេះឲ្យច្បាស់លាស់ តើត្រូវជាមួយក្មេងពារនឹងឬអត់?៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ