នាយករដ្ឋមន្ដ្រីកម្ពុជា ជំរុញដល់ប្រជាពលរដ្ឋយកកូនឱ្យច្រើន ខណៈក្រសួងផែនការ ចេញរបាយការណ៍ ស្ដីពីកំណើនមនុស្សចាស់ ឆ្នាំ២០៥០
តាកែវ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ពិចារណាបង្កើនចំនួនកូនក្នុងគ្រួសារឱ្យបានលើសពី៣នាក់ ជាពិសេសសម្រាប់គ្រួសារដែលមានប្ដីប្រពន្ធពេញកម្លាំង និងមានលទ្ធភាព។
ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពី សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលរបាយការណ៍មួយពីក្រសួងផែនការ អះអាងថា អាត្រាមនុស្សចាស់នៅកម្ពុជានឹងមានកំណើននៅឆ្នាំ២០៥០ ដ្បិតបច្ចុប្បន្នពលរដ្ឋនៅតំបន់ទីក្រុងមានអត្រាយកកូនក្រោម ២នាក់ ឬគិតជាមធ្យម ១កន្លះ។
ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋជាកម្មករ កម្មការិនី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា«ក្រសួងផែនការបានរាយការណ៍ថាតាមការព្យាករណ៍ ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសមនុស្សចាស់នៅឆ្នាំ២០៥០។ ខ្ញុំថានៅតែ២៧ឆ្នាំទៀតទេ ហើយ២០៥០ ជាឆ្នាំយើងដាក់គោលដៅក្លាយជាប្រទេសអ្នកមាន។ អ៊ីចឹងកុំឱ្យដល់ពេលហ្នុងកុំឱ្យពលរដ្ឋយើងមានចាស់ច្រើនជាងក្មេង។ ត្រូវពិនិត្យទិន្នន័យឡើងវិញ ហើយបើវាប្រាកដប្រជា យើងត្រូវគិតគូពីក្របខណ្ឌគោលនយោបាយប្រជាសាស្រ្តឡើងវិញ»។
សម្ដេចធិបតី បញ្ជាក់ថា ក្នុងរយៈពេល ២៧ឆ្នាំខាងមុខ មិនមែនជាពេលវេលាយូទេ ហើយកម្ពុជាត្រូវការធានាកម្លាំងពលកកម្មពេញកម្លាំង ទើបអាចរក្សាស្ថានភាពរីកចម្រើនបានទៅមុខយូរឆ្នាំ។ សម្ដេច បានរម្លឹកពីករណីកំណើនមនុស្សចាស់នៅប្រទេសចិន សង្ហបុរី ជប៉ុន ជាដើម៕EB