ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា បញ្ហានៅប្រទេស អាហ្វហ្គានីស្ថាន និងការ ដណ្តើមកាន់កាប់ទីក្រុងកាប៊ុល ទាំងស្រុងឡើងវិញ ដោយក្រុមតាលីបង់ ប្រៀប ដូចកម្ពុជា កាលពី ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

ក្នុងកម្មវិធីមហាសន្និបាតក្តីសង្ឃឹមពិភពលោក លើកទី៧ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «បច្ចុប្បន្ននេះ ព្រឹត្តិការណ៍ភូមិសាស្ត្រ នយោបាយមួយ ក្នុងតំបន់ដែលបាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ព របស់សហរដ្ឋអាមេរិកចេញ ពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញ ដោយក្រុមតាលីបង់»។

សម្ដេចតេជោ បានបន្ដថា «ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើត ឡើងនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដែលនៅពេលនោះ ខ្មែរក្រហម បានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺជាស្ថានភាពដ៏សោកសៅបំផុត ដែលកម្ពុជា និងប្រជាជនកម្ពុជា ចងចាំពីភាពខ្លោចផ្សា និងប្តេជ្ញាបញ្ចៀសព្រឹត្តិការណ៍ស្រដៀងគ្នានេះ មិនឱ្យកើតឡើងម្ដង ទៀតឡើយ»។

សម្ដេចតេជោ បានបន្ថែមថា ច្បាស់ណាស់ទិដ្ឋភាព ភូមិសាស្ត្រនយោបាយ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រែប្រួល យ៉ាងឆាប់រហ័ស ព្រមជាមួយនឹងការប្រែប្រួលតុល្យភាព អំណាចសកល និងការប្រកួតប្រជែងភូមិ សាស្ត្រនយោបាយ ដែលកាន់តែស្មុគស្មាញ, ស្រួចស្រាល់ និងគ្រោះថ្នាក់បំផុត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ