ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីយន្តការផ្តល់ជូនគោរមងារឧកញ៉ាជូនដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ផ្ទាល់ខ្លួនរិច្ចាកនូវធនធានថវិកាចូលរួមអភិវឌ្ឍ និងកសាងជាតិ។

ក្នុងកិច្ចប្រជុំពិនិត្យឆ្លងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ឱ្យដឹងថា នេះជាកិច្ចប្រជុំចុងក្រោយទៅលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា មុនដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។ សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមថា គោរមងារឧកញ៉ានេះបានប្រើប្រាស់នាពេលកន្លងមក ដោយក្នុងនោះ ក៏បានសរសេររៀបរៀងក្នុងសៀវភៅប្រវត្តិសាស្ត្រ ដោយលោកស្រីសាស្ត្រាចារ្យ ត្រឹង ងា ផងដែរ។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងអំពីយន្តការផ្តល់ជូនគោរមងារឧកញ៉ាជូនដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ផ្ទាល់ខ្លួនរិច្ចាកនូវធនធានថវិកាចូលរួមអភិវឌ្ឍ និងកសាងជាតិ ហើយសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការគ្រប់គ្រងឧកញ៉ា និងការគ្រប់គ្រងសមាគមឧកញ៉ា ធ្វើយ៉ាងណាតែងតាំងឧកញ៉ាឱ្យបានត្រឹមត្រូវ សមស្រប ដើម្បីធានាបាននូវសេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ប្រពៃណី សណ្ដាប់ធ្នាប់សង្គម។

នាឱកាសនោះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីសាវតានៃគោរមងារឧកញ៉ា និង ព្រមទាំងដំណើរការនៃការប្រជុំអន្តរក្រសួង ដើម្បីរៀបរៀងសេចក្តីព្រាងព្រះរាជក្រឹត្យនេះគោរពជូនសម្តេចក្រឡាហោម ស ខេង និងអង្គប្រជុំទាំងមូលជ្រាបផងដែរ។

លោក ប៊ុន ហុន មានប្រសាសន៍ឱ្យដឹងអំពីប្រវត្តិនៃគោរមងារឧកញ៉ា ដោយឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា យោងតាមសៀវភៅប្រវត្តិសាស្ត្របង្ហាញថា គោរមងារ “ឧកញ៉ា” ត្រូវបានប្រើនៅសម័យអាណានិគមបារាំង ហើយគោរមងារនេះគឺ សំដៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលកណ្ដាល ដែលគេនិយមហៅថា "ចតុស្ដម្ភ" ហើយគោរមងារ "ឧកញ៉ា" នាពេលនោះមានដូចជា ឧកញ៉ាយមរាជ ឧកញ៉ាក្រឡាហោម ឧកញ៉ាវាំង និង ឧកញ៉ាចក្រី ជាដើម។

លោក មានប្រសាសាន៍បន្តថា ដោយផ្អែកតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យប្រទានគោរមងារឧកញ៉ាជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលមានស្នាដៃក្នុងការអភិវឌ្ឍ និងការកសាងជាតិជាបន្តបន្ទាប់ ដែលមានលក្ខណៈជាការប្រទាននូវគ្រឿងឥស្សរិយយសជាតិ ប៉ុន្តែនាពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា នៅមិនទាន់មានលិខិតបទដ្ឋានគតិយុត្តសម្រាប់ កំណត់លក្ខណៈសម្បត្តិក្នុងការផ្តល់គោរមងារឧកញ៉ា ការគ្រប់គ្រង ការប្រើប្រាស់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា នៅឡើយទេ។ 

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារ អន្តរក្រសួងដែលបានសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងរៀបចំចងក្រងសម្រេចបានប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ព្រមទាំងសម្រេចបានជោគជ័យនាពេលនេះ។

សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ានេះមាន ១០ជំពូក និង ២៥មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកញ៉ា នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ