សម្ដេច ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមគ្នា គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ក្នុងពិធីបុណ្យឆ្លងចេតិយ និងតម្កល់អដ្ឋិធាតុ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធឧបាសិកា ស ស៊ន់ និងឧបាសក ឈុន ឈាន ព្រមទាំងញាតិកាលទាំង ៧សន្ដាន នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍សំណេះសំណាលជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដោយបានរំលឹកអំពីប្រវត្តិក្រុមគ្រួសារសម្ដេចនៅភូមិកំណើតនេះ ពិសេសប្រវត្តិឆ្លងកាត់សង្គ្រាមបែកបាក់ និងផលនៃការបញ្ចប់សង្គ្រាមនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍទាំងនៅក្នុងមូលដ្ឋានឃុំក្របៅ និងនៅទូទាំងប្រទេស។
សម្ដេច មានប្រសាសន៍បញ្ជាក់ថា «សូមអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ត្រៀមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗ ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិសេសគាំទ្រការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា»។
គួរបញ្ជាក់ថា លក្ខណសម្បត្តិរបស់ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានចំនួន០៧ យ៉ាង រួមមាន៖ ទី១-ផ្ដល់សេវាធាណរណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ,ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ,ទី៣-មានសណ្ដាប់ធ្នាប់សាសធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ,ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ,ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធិភាព ,ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធិភាព៕EB