សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកនិយាយថា គ្រាន់តែផ្ទេរតំណែង មិនផ្ទេរអំណាចនោះ គឺបង្ហាញពីភាពល្ងិតល្ងង់ថែមទៀត
ភ្នំពេញ ៖ អតីតនាយករដ្ឋមន្ដ្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបានលើកឡើងថា សម្តេចគ្រាន់តែផ្ទេរតំណែងជានាយករដ្ឋមន្រ្តីទៅឲ្យកូនប្រុសច្បង តែមិនផ្ទេរអំណាចនោះ គឺជាការខុសឆ្គងដ៏ធំមួយ ដោយបង្ហាញពីភាពល្ងិតល្ងង់ថែមទៀតផង។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីមនុស្សមួយចំនួននៅក្រៅប្រទេស បាននាំវិភាគថា សម្ដេចបានផ្ទេរតំណែងនាយករដ្ឋមន្ដ្រី ជូនកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតប៉ុណ្ណោះ ប៉ុន្ដែមិនបានផ្ទេរអំណាចទាំងស្រុងនោះទេ គឺសម្តេចនៅតែមានអំណាចគ្របដណ្តប់លើនាយករដ្ឋមន្រ្តីដដែល។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីសម្ដេច ចាកចេញពីអំណាចនីតិប្រតិបត្តិក៏ពិតមែន ប៉ុន្តែសម្តេចក៏នៅធ្វើនយោបាយដដែល ហើយនៅកៀកជាមួយប្រជាពលរដ្ឋ ខណៈនៅខែមីនា ឆ្នាំ២០២៤ ខាងមុខ សម្ដេចនឹងឡើងធ្វើជាប្រធានព្រឹទ្ធសភា។
សម្ដេចតេជោ គូសបញ្ជាក់ថា «អ្នកលើកឡើងទាក់ទិនបញ្ហាការផ្ទេរតំណែង តែមិនផ្ទេរអំណាច វាជាការខុសឆ្គងមួយដ៏ធំ ហើយបង្ហាញពីភាពល្ងិតល្ងង់ថែមទៀតផង។ វិធីជួយចំពោះនីតិប្រតិបត្តិ គេមានវិធីតាមរយៈអញ្ជើញ ប្រតិបត្តិ ចោទជាសំណួរ ឬក៏ផ្ដល់មតិ ដោយអង្គនីតិបញ្ញត្តិ ឯផ្នែកបក្សគេមានសន្និបាត គេមានអង្គប្រជុំរបស់គេ មិនមែនចាប់ដៃបង្ខំនាយករដ្ឋមន្ដ្រី ចុះហត្ថលេខានោះឡើយ»។
នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ សម្ដេច បានក្លាយជា ឪពុកនាយករដ្ឋមន្ដ្រីហើយ។
សម្ដេចតេជោ គូសបញ្ជាក់ទៀតថា «ពួកអ្នកខ្លះថា ប្រទេសមួយនេះ ជាត្រកូល ហ៊ុន ខ្ញុំចង់បញ្ជាក់ថា រដ្ឋធម្មនុញ្ញ មិនបានហាមឃាត់ មិនឲ្យមានការបន្ដវេនណាមួយ ពីសំណាក់តាមរយៈការបោះឆ្នោត ប្រកួតប្រជែង ដើម្បីយកអំណាចនោះទេ»៕EB