ភ្នំពេញ ៖ អង្គការ WCS បានឲ្យដឹងថា សត្វទោចថ្ពាល់លឿង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក ហើយចំនួនសត្វប្រភេទនេះ កំពុងមានការថយចុះយ៉ាងខ្លាំង ផងដែរ។

តាមរយៈបណ្ដាញទំនាក់ទំនងរបស់ អង្គការ WCS នាពេលថ្មីៗនេះ បានបញ្ជាក់ថា «សត្វទោចថ្ពាល់លឿង ត្រូវបានកត់ ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វប្រភេទនេះ កំពុងមានការ ថយចុះយ៉ាងខ្លាំង ដោយសារបណ្តាលមកពីការបាត់បង់ទីជម្រក និងការប្រមាញ់យកទៅលក់ដូរធ្វើជាសត្វចិញ្ចឹម»។


ប្រភពដដែលបន្ដថា សត្វទោចប្រភេទនេះ មានវត្តមានតែនៅក្នុងភាគខាងកើតនៃប្រទេសកម្ពុជា និងភាគខាងត្បូងនៃប្រទេសវៀតណាមប៉ុណ្ណោះ។ ចំណែកឯនៅភាគខាងជើងនៃដែនជម្រកសត្វព្រៃស្រែពកវិញ គេប្រទះឃើញមានប្រភេទប្រហាក់ប្រហែលគ្នានេះដែរ តែមិនមែនជាប្រភេទទោចថ្ពាល់លឿងទេ។

ជាងនេះទៅទៀត នៅប្រទេសកម្ពុជាទំនងជាមានវត្តមានសត្វទោចថ្ពាល់លឿងច្រើន ហើយដែនជម្រកសត្វព្រៃកែវសីមាមានវត្តមានប្រភេទនេះច្រើនជាងគេបំផុត តាមការប៉ាន់ស្មានមានប្រហែល ៦៦៩ក្រុម។


សូមជម្រាបថា យោងតាមការសិក្សាស្រាវជ្រាវ នាពេលថ្មីៗនេះ បានរកឃើញថា ដែនជម្រកសត្វព្រៃភ្នំព្រេច មានវត្តមានសត្វទោចថ្ពាល់លឿងនេះច្រើនលំដាប់ បន្ទាប់ពីដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

យោងមាត្រា៥៨នៃច្បាប់ ស្តីពី តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសសត្វព្រៃ ដូចជា ការចាប់ ដាក់អន្ទាក់ ប្រមាញ់ បំពុល ប្រមូលពង កូនសត្វព្រៃគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ចាប់ពី ១០០.០០០‌រៀល ដល់ ១.០០០.០០០ រៀល។

សូមបញ្ជាក់ថា នៅឆ្នាំ ២០១៤ អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បានផ្តួចផ្តើមបង្កើតគម្រោងទេសចរណ៍ ធម្មជាតិសហគមន៍មួយឈ្មោះ ជុំរុំទោចថ្ពាល់លឿង (Jahoo Gibbon Camp) ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងគោលបំណងការពារប្រភេទជិតផុតពូជនេះផងនិងផ្តល់ឱកាសដល់អ្នកទេសចរបានទស្សនាសត្វទោចថ្ពាល់លឿង និងស្វាកន្ទុយស ព្រមទាំងសត្វស្លាបកម្រផ្សេងៗទៀតផង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ