ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រាប់ក្រុមប្រឆាំងនៅក្រៅប្រទេសថា គ្មានអ្នកណា កម្ចាត់អ្នកណាឡើយ លើកលែងនោះកម្ចាត់ខ្លួនឯង ដូច្នេះល្មមឈប់និយាយថា «ហ៊ុន សែន កម្ចាត់ដៃគូរខ្លួន ដោយគ្មានប្រណី»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្រោយពីក្រុមប្រឆាំងនៅក្រៅប្រទេសតែងតែលើកឡើងថា សម្ដេចតេជោ ព្យាយាមកម្ចាត់ដៃគូនយោបាយរបស់ខ្លួន។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច មិនដែលកម្ចាត់អ្នកនយោបាយណាម្នាក់ឡើយ គឺមានតែអ្នកនយោបាយនោះកម្ចាត់ខ្លួនឯងប៉ុណ្ណោះ។
សម្ដេចតេជោ លើកឡើងថា «មានអ្នកអធិប្បាយបែបនេះច្រើនហើយថា ដៃគូរនយោបាយរបស់ ហ៊ុន សែន ត្រូវ ហ៊ុន សែន កម្ចាត់អស់ ខ្ញុំអត់បានកម្ចាត់អ្នកណាទេ ព្រោះខ្ញុំ មានជំនឿថា គ្មានអ្នកណា កម្ចាត់អ្នកណាបានទេ លើកលែងអ្នកនោះកម្ចាត់ខ្លួនឯងតែប៉ុណ្ណឹង អញ្ចឹងទេល្មមឈប់ហើយ និយាយថា លោក ហ៊ុន សែន តែងតែកម្ចាត់ដៃគូរ ដោយគ្មានប្រណី»។
សម្ដេចតេជោ បន្ដថា «ប៉ុន្ដែដៃគូស្អីក៏ខ្សោយម៉េស ទុកឲ្យ ហ៊ុន សែន កម្ចាត់បាន ពិនិត្យខ្លួនឯងមើល អ្នកទាំងឡាយដែលជាដៃគូរកាលពីពេលមុន ខ្លួនឯងបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ ខ្ញុំហ៊ានប្រកាសថា មានតែ ហ៊ុន សែន ទេ ដែលអាចកម្ចាត់ ហ៊ុន សែន បាន»។
សម្ដេច អតីតនាយករដ្ឋមន្ដ្រី លើកឡើងទៀតថា ហេតុផលអ្វី? ថា ហ៊ុន សែន ជាអ្នកកម្ចាត់ទៅវិញ ខ្លួនឯងខ្សោយពេក ខ្លួនឯងល្ងង់ពេក ធ្វើសកម្មភាពមិនត្រូវ។ ដូច្នេះស្ថានភាពនេះ មិនត្រូវសន្ទោស ហ៊ុន សែន នោះឡើយ៕