កម្ពុជា-កូរ៉េ ប្រកាសបញ្ចប់ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងលោកស្រី YOo Myung-hee រដ្ឋមន្ត្រីពាណិ ជ្ជកម្ម នៃសាំធារណរដ្ឋកូរ៉េ បានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីរវាង កម្ពុជា-កូរ៉េ (CKFTA) តាមរយៈប្រព័ន្ធវីដេអូ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា កម្មវិធីដ៏ មានសារៈសំខាន់នេះ ក៏មានការចូលរួមផងដែរពីសំណាក់ មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសមកពីស្ថាប័ន សាធារណៈ និងវិស័យឯកជននៃប្រទេសទាំងពីរ។
ប្រភពដដែល រៀបរាប់ថា សមិទ្ធផលផ្លែផ្កាដ៏សំខាន់នេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី MOON_Jae-In នៃសាធារណរដ្ឋកូរ៉េ មកកាន់ប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។ យោងទៅតាមការណែនាំពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការសិក្សារួមគ្នា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការនៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជាងនេះទៅទៀត កិច្ចព្រមព្រៀង CKFTA នេះមានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍ សេដ្ឋកិច្ច និងសុខមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លើសពីនេះទៀត ប្រទេសទាំងពីរជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ អាចជួយស្តារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ បានឆាប់រហ័ស ក្នុងកំឡុងពេល និងក្រោយពេលដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទ្វេភាគីនេះ គ្របដណ្តប់លើពាណិជ្ជកម្មទំនិញដែលក្នុងនោះរួមមាន ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការអនាម័យនិងភូតគាមអនាម័យ និងគ្របដណ្តប់ផងដែរលើឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសាន្តបញ្ញត្តិ ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង CKFTA នេះនឹងពង្រីកបន្ថែមទៀតលើការធ្វើសេរីភាវូបនីយកម្មទីផ្សាររវាងប្រទេសទាំង ពីរ លើសពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេដែលមានស្រាប់ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន -កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលទើបតែបានចុះហត្ថលេខានាពេលថ្មីៗនេះ។
ជាពិសេសកិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញនាពេលកន្លងមក មាន ដូចជា ផលិតផលសម្លៀកបំពាក់នឹងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និង ផលិតផលកសិកម្ម ជាដើម។ សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀតមកកាន់ប្រទេស កម្ពុជា រួមមាន ៖ យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារៈអគ្គិសនី ភេសជ្ជៈ ឱសថ និងផលិតផលផ្លាស្ទិក។ បន្ទាប់ពីការប្រកាសបញ្ចប់ ការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រទេសទាំងពីរនឹងអនុវត្តនីតិវិធី ក្នុងស្រុកសម្រាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្តាល ឆ្នាំ២០២១ ខាងមុខនេះ៕