ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ត្រូវបន្ដចាត់វិធានការបង្ការបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសជួញដូរមនុស្ស។

យោងតាមសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «សម្រាប់ឆ្នាំ២០២៣នេះ កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ត្រូវបន្តបេសកកម្មដើម្បីធានាឱ្យបាននូវបរិយាកាសសន្តិសុខប្រកបដោយភាពវិជ្ជមាន និងដោះស្រាយបញ្ហាប្រឈមនានាដែលបណ្តាលមក ពីឥទ្ធិពលក្នុងតំបន់ និងសកលលោក ក៏ដូចជាការបន្តចាត់វិធានការបង្ការបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី-កុមារ បទល្មើសបច្ចកវិទ្យា»។

សម្ដេចក្រឡាហោម បន្ដថា ឆ្លើយតបចំពោះភាពម្ចាស់ការលើសភាពការណ៍ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ រួមមាន៖ ការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកំពុងប្រព្រឹត្តទៅ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងរៀបចំ នាពេលខាងមុខ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យដំណើរការប្រកបដោយភាព ស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងគ្មានការបំភិតបំភ័យ។

សម្ដេចក្រឡាហោម ស ខេង មានសេចក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់នឹងបន្តអភិវឌ្ឍខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងនាមជាសេវាករបម្រើប្រជាពលរដ្ឋប្រកបដោយគុណធម៌ សីលធម៌ និងមានមនសិការវិជ្ជាជីវៈ លើកកម្ពស់សក្ដានុពល និងកិត្តិយស សេចក្តីថ្លៃថ្នូរ ឈរយ៉ាងរឹងមាំជាសសរស្ដម្ភ នៃសន្តិសុខ សុវត្ថិភាពសង្គម ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិគ្រប់កាលៈទេសៈ។

សម្ដេចក្រឡាហោម ស ខេង ក៏បានសំណូមពរដល់កងកម្លាំងនគរបាលជាតិដែលមានតួនាទី ជាភ្នាក់ងារសន្តិសុខបោះឆ្នោត សូមយកចិត្តទុកដាក់ពង្រឹងស្មារតីទទួលខុសត្រូវ បំពេញបេសកកម្មរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ដោយគោរពតាមច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវក្រមសីលធម៌ ព្រមទាំងរក្សាបាននូវអព្យាក្រឹតភាព ក្នុងនាមជាភ្នាក់ងារសន្តិសុខបោះឆ្នោត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ