សម្ដេចតេជោ ៖ តើថ្ងៃទី២៣ កក្កដា កម្លាំងប្រជាធិបតេយ្យចូលរួមបោះឆ្នោតមានច្រើន ឬតិចជាង កម្លាំងបំផ្លាញបោះឆ្នោត?
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរថា តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ កម្លាំងប្រជាធិបតេយ្យចូលរួមការបោះឆ្នោតមានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យបំផ្លាញការបោះឆ្នោត?
តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការប្រកួតប្រជែងរវាង១៨គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត។
សម្ដេចតេជោ បន្ដថា ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា»៕